អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានរិះគន់ចំពោះការចោទប្រកាន់របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក អំពីការវាយប្រហារតាមអ៊ីនធឺណិត។

យោងតាមរបាយការណ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមចោរព័ត៌មានវិទ្យា (Hackers) ដែលគាំទ្រដោយរដ្ឋាភិបាលចិន បានរំលោភលើរបងសុវត្ថិភាពកុំព្យូទ័ររបស់ក្រសួងក្នុងខែនេះ ដោយបានចូលលួចមើលឯកសារ ដែលមិនបានចាត់ថ្នាក់មួយចំនួន។

ឆ្លើយតបទៅនឹងការអះអាងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយថា ប្រទេសចិនបានបង្ហាញពីជំហររបស់ខ្លួនម្តងហើយម្តងទៀតលើការចោទប្រកាន់គ្មានមូលដ្ឋាននិងខ្វះភស្តុតាងបែបនេះ។

អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសចិនតែងតែប្រឆាំងគ្រប់ទម្រង់នៃការវាយប្រហាររបស់ក្រុមចោរព័ត៌មានវិទ្យា និងថ្កោលទោសការផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងប្រទេសចិនក្នុងគោលបំណងនយោបាយ៕