ស្របពេលកិច្ចព្រមព្រៀងអនុញ្ញាតឱ្យបញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនទៅកាន់អឺរ៉ុបបានផុតកំណត់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្តីបារម្ភកំពុងកើនឡើងអំពីការហក់ឡើងខ្ពស់នៃតម្លៃថាមពល និងផលប៉ះពាល់លើមតិសាធារណៈក្នុងសហភពអឺរ៉ុប ទាក់ទងនឹងការគាំទ្រសម្រាប់អ៊ុយក្រែន។

កិច្ចសន្យាបច្ចុប្បន្នរយៈពេល៥ឆ្នាំសម្រាប់ការបញ្ជូនឧស្ម័ន នឹងមិនត្រូវបានបន្តនៅឆ្នាំក្រោយ ដូចដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់យ៉ាងច្បាស់នោះទេ។

ការសម្រេចចិត្តនេះមិនត្រឹមតែគម្រាមកំហែងដល់ការកើនឡើងថ្លៃដើមក្នុងបណ្តាប្រទេសអឺរ៉ុបដែលពឹងផ្អែកលើឧស្ម័នរុស្ស៊ីជាយូរមកហើយនោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់យ៉ាងទូលំទូលាយសម្រាប់ទ្វីបទាំងមូលផងដែរ។

ក្រុមអ្នកវិភាគព្រមានថា ការបិទបំពង់បង្ហូរប្រេងនេះអាចជំរុញឱ្យតម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុបលោតឡើងខ្ពស់ ដែលនាំឱ្យការចំណាយសម្រាប់ជីវភាពរស់នៅ និងថ្លៃដើមផលិតកម្មកើនឡើង ដែលទីបំផុតធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សេដ្ឋកិច្ចអឺរ៉ុប។
លោក Philipp Lausberg អ្នកវិភាគគោលនយោបាយនៅមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុប បាននិយាយថា មានជម្រើសផ្សេងទៀត ប៉ុន្តែជម្រើសមានទំនោរមានតម្លៃថ្លៃជាងឧស្ម័នបង្ហូរតាមបំពង់ប្រេងរបស់រុស្ស៊ីបន្តិច។ ផលប៉ះពាល់នឹងត្រូវបានគេមានអារម្មណ៍ជាពិសេសនៅក្នុងប្រទេសអូទ្រីស ហុងគ្រី និងស្លូវ៉ាគី ជាទីដែលតម្លៃឧស្ម័នទំនងជានឹងកើនឡើង ហើយវាអាចមានផលប៉ះពាល់ដល់តម្លៃអ្នកប្រើប្រាស់ លើការចំណាយខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រមទាំងតម្លៃសម្រាប់ឧស្សាហកម្មផងដែរ ដែលអាចប៉ះពាល់ដល់ការប្រកួតប្រជែងនៃឧស្សាហកម្មទាំងនោះ៕