ប្រជាជនព័រតូរីកូ ពុំមានអគ្គិសនីប្រើប្រាស់ទេកាលពីថ្ងៃឆ្លងឆ្នាំសកល អង្គារ ៣១ ធ្នូ បន្ទាប់ពីការដាច់បណ្តាញអគ្គិសនីបានធ្វើឱ្យដែនកោះនេះស្ទើរតែទាំងមូលស្ថិតក្នុងភាពងងឹត។

ប្រហែល ៨៧% នៃអតិថិជនគ្មានថាមពលចាប់ពីម៉ោង ១រសៀល (ម៉ោងក្នុងស្រុក) នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនចែកចាយថាមពល លូម៉ា អ៊ិននើជី (LUMA Energy) កាលពីថ្ងៃអង្គារ។ ព័រតូរីកូ បានជួបប្រទះជាយូរមកហើយជាមួយនឹងការដាច់ចរន្តអគ្គិសនីដ៏រ៉ាំរ៉ៃនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដួលរលំ។

LUMA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គេនឹងចំណាយពេលពី ២៤ ទៅ ៤៨ម៉ោង ដើម្បីបើកចរន្តអគ្គិសនីឡើងវិញ។ ប៉ុន្មានម៉ោងក្រោយមក ក្រុមហ៊ុនផ្គត់ផ្គត់អគ្គិសនិនេះនិយាយថា ថាមពលត្រូវបានស្ដារឡើងវិញទៅកាន់កន្លែងសំខាន់ៗមួយចំនួន រួមទាំងតំបន់កណ្ដាល សេនត្រូ មេឌីកូ (Centro Medico) និងមន្ទីរពេទ្យក្រុង សាំងហ្សង់។

អ្នកស្រុកសម្ដែងការមិនពេញចិត្តចំពោះវិបត្តិថាមពលដែលកើតឡើងជាញឹកញាប់នេះ ព្រោះមិនមែនជារឿងថ្មីឡើយ ហើយដំណោះស្រាយនៅតែមិនមានប្រសិទ្ធិភាព។ ការខឹងសម្បារបែបនេះគឺជារឿងធម្មតាទៅហើយនៅលើទឹកដីរបស់សហរដ្ឋអាមេរិកក្នុងសមុទ្រការ៉ាអ៊ីបមួយនេះ ជាទីដែលមានប្រជាជនជាពលរដ្ឋអាមេរិក ប៉ុន្តែមិនមានតំណាងបោះឆ្នោតនៅក្នុងសភាឡើយ ហើយក៏មិនអាចចូលរួមការបោះឆ្នោតប្រធានាធិបតីបានដែរ៕