ប្រជាជនភៀសខ្លួននៅដែនដីហ្កាហ្សា ដែលហែកហួរដោយសង្រ្គាមដ៏បង្ហូរឈាម បានចែករំលែកការបួងសួងឆ្នាំថ្មីរបស់ពួកគេ ផ្សងសុំសន្តិភាព និងការកសាងផ្ទះសម្បែងរបស់ខ្លួនឡើងវិញនៅឆ្នាំ២០២៥ នេះ និងបញ្ចប់ទុក្ខវេទនាពីជម្លោះ។

នៅពេលតំបន់ហ្កាហ្សា បន្តរងការបំផ្លិចបំផ្លាញដោយសង្រ្គាម អ្នកស្រុកនិយាយថា ក្តីសង្ឃឹមដ៏ធំបំផុតរបស់ពួកគេសម្រាប់ឆ្នាំថ្មីនេះគឺការបញ្ចប់ជម្លោះ និងត្រឡប់ទៅរស់នៅជីវិតធម្មតារបស់ពួកគេវិញ ដែលជាក្តីសុបិនដ៏សាមញ្ញមួយ ប៉ុន្តែនៅតែមិនទាន់អាចសម្រេចបាន។

អ្នកស្រុកនិយាយថា "បំណងប្រាថ្នារបស់យើងគឺចង់រស់នៅដោយសុខសាន្ត សន្តិភាព គ្មានសង្រ្គាម។ យើងពិតជាហត់នឿយនឹងការត់គេចពីសេចក្ដីស្លាប់ណាស់។ ក្នុងពេលដែលកាំជ្រួចបាញ់អបអរនៅលើមេឃទូទាំងពិភពលោក ពួកយើងបែរជារងការបាញ់ប្រហារពីគ្រាប់បែក។ ទោះជារស់នៅក្នុងតង់ក៏ល្អដែរ ឱ្យតែមានសន្តិភាព"។

ប្រតិបត្តិការសឹកដែលកំពុងតែបន្តឥតឈប់ឈររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ បញ្ឆេះវិបត្តិមនុស្សធម៌ដ៏ធំ ភាពអត់ឃ្លាន ព្រមទាំងបង្កការស្លាប់ និងរបួសជាច្រើនម៉ឺននាក់៕