នគរបាលក្រុងការ៉ាជី (Karachi) របស់ប៉ាគីស្ថាន កាលពីថ្ងៃអង្គារ (៣១ ធ្នូ) បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងដំបងដើម្បីវាយបំបែកហ្វូងសកម្មជនដែលអង្គុយតវ៉ា មកពីគណបក្សនយោបាយសាសនានិកាយស៊ីអ៊ីត ប្រឆាំងទៅនឹងការប៉ះទង្គិចផ្នែកនិកាយនៅស្រុកគូរ៉ាម (Kurram) ភាគខាងជើងប្រទេសប៉ាគីស្ថាន ដែលបានបណ្តាលឱ្យមនុស្សរាប់រយនាក់បានស្លាប់។

Kurram ដែលជាស្រុកកុលសម្ព័ន្ធមានប្រជាជនប្រហែល ៦០០.០០០នាក់ នៅជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន ជាទីដែលអាជ្ញាធរសហព័ន្ធ និងខេត្តបានអនុវត្តការគ្រប់គ្រងមិនសូវតឹងតែងជាយូរមកហើយ គឺជាចំណុចដ៏ក្ដៅគគុកមួយសម្រាប់ភាពតានតឹងផ្នែកនិកាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ដោយទាមទារឱ្យស្ដារសន្តិភាពនៅទីក្រុង Kurram ឡើងវិញ ក្រុមបាតុករបានអង្គុយតវ៉ានៅតាមផ្លូវសំខាន់ៗជាច្រើនក្នុងទីក្រុង Karachi ដោយបន្តរំខានដល់ចរាចរណ៍ ចាប់តាំងពីបាតុកម្មបានចាប់ផ្តើមកាលពីសប្តាហ៍មុនមក។ នៅតំបន់កណ្តាល ក្រុមអ្នកតវ៉ា បានគប់ដុំថ្មដាក់នគរបាល ហើយមន្រ្តីបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងឃាត់ខ្លួនបាតុករជាច្រើននាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា យ៉ាងហោចណាស់ម៉ូតូ ៣គ្រឿងត្រូវបានគេដុត ក្នុងអំឡុងពេលប៉ះទង្គិច ប៉ុន្តែពុំមានអ្នកស្លាប់ និិងរបួសត្រូវបានរាយការណ៍ទេ។
ការប៉ះទង្គិចគ្នាថ្មីៗរវាងអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុននី និងនិកាយស៊ីអ៊ីត បានផ្ទុះឡើងកាលពីខែមុន ដែលបង្កឱ្យមានវិបត្តិមនុស្សធម៌ ជាមួយនឹងរបាយការណ៍អំពីការអត់ឃ្លាន កង្វះសម្ភារៈវេជ្ជសាស្រ្ត បន្ទាប់ពីការបិទផ្លូវហាយវេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា កុមារជាង ១០០នាក់ បានស្លាប់ដោយសារកង្វះខាតឱសថនៅក្នុងទីក្រុង៕