ភ្នំពេញ៖ គិតរហូតមកដល់ពេលនេះ រយៈពេលជាង៦ខែហើយ សំណុំរឿងខាតបង់ប្រាក់រវាងវិនិយោគិន និងក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសមិន (Gold FX Investment Co,.Ltd ហៅកាត់ GFX មិនទាន់ដោះស្រាយអស់នៅឡើយទេ ខណៈដែលកាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅ សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យគ្រប់ភាគីបន្តសម្រុះសម្រួលគ្នា។
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមវិនិយោគចំនួនប្រហែល ៥០នាក់ បានណាត់ជួបជុំគ្នានៅមុខក្រុមហ៊ុន GFX ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងគោលបំណងដាក់សំណើជាលើកទី៣ ទៅកាន់ក្រុមហ៊ុន ដើម្បីសុំជួបពិភាក្សា សម្រុះសម្រួល និងដោះស្រាយទ្វេភាគីក្រៅប្រព័ន្ធតុលាការលើករណីដែលក្រុមហ៊ុនធ្វើឲ្យបាត់បង់ថវិកាក្នុងការដាក់ប្រាក់វិនិយោគទាំងអស់ ចំពោះអតិថិជនដែលនៅសេសសល់មិនទាន់ទទួលបានដំណោះស្រាយពីក្រុមហ៊ុន។
លោក សេង សុធារ៉ា វិនិយោគិនក្រុមហ៊ុន GFX បាននិយាយថា ក្នុងនាមតំណាងឲ្យវិនិយោគិនដែលមានសមាជិកសរុប ២៨៤នាក់ បានដាក់ប្រាក់វិនិយោគក្នុងក្រុមហ៊ុន GFX សរុបចំនួនជាង ៤លានដុល្លារអាមេរិក។ លោកឲ្យដឹងទៀតថា ការជួបជុំគ្នានាពេលនេះ ដើម្បីបដិសេធនឹងដំណោះស្រាយរបស់ក្រុមហ៊ុនដែលទូទាត់ប្រាក់មកកាន់អតិថិជនវិញត្រឹមតែ ៣០ភាគរយនៃប្រាក់វិនិយោគដើម ដែលបានបញ្ជាក់ច្បាស់ថា ទឹកប្រាក់នេះជាសម្បទានរបស់ក្រុមហ៊ុនមកកាន់អតិថិជន។ លោកបន្តថា ក្រោយពិភាក្សាគ្នាច្រើនលើកច្រើនសារក្នុងក្រុម ក្រុមសមាជិកបានឯកភាព និងសម្រេចតាមកិច្ចសន្យា ដោយទាមទារប្រាក់ដើមត្រឡប់មកវិញត្រឹម ៧០ភាគរយ ខណៈដែលកន្លងមកទាមទារចំនួន ១០០ភាគរយ។
វិនិយោគិនម្នាក់ផ្សេងទៀត កញ្ញា លីណា បានលើកឡើងថា ប្រាក់ដែលកញ្ញាដាក់ទុនវិនិយោគមានចំនួនជាង ១ពាន់ដុល្លារ។ កញ្ញាបន្តថា ដោយសារការជឿទុកចិត្តលើក្រុមហ៊ុនដែលមានការចុះបញ្ជីត្រឹមត្រូវទើបសម្រេចចិត្តវិនិយោគជាមួយក្រុមហ៊ុន ដែលប្រាក់ទាំងអស់នោះជាកម្លាំងញើសឈាមដែលខំរក និងសន្សំទុកសម្រាប់ប្រើប្រាស់នៅពេលចាំបាច់។ ចំពោះប្រាក់ដែលក្រុមហ៊ុនអះអាងផ្តល់ជូនត្រឹម ៣០ភាគរយនៃប្រាក់ដើមសរុប កញ្ញាបានបង្ហាញការមិនពេញចិត្តនឹងសំណងនេះទេ ដោយកញ្ញាស្នើសុំឲ្យសងមកវិញចាប់ពី ៧០ភាគរយនៃប្រាក់ជាង ១ពាន់ដុល្លារដែលបាត់បង់។
លោក ប៊ុន គីរីរិទ្ធ ប្រធានគណៈកម្មការចំពោះកិច្ច និងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន GFX បានមានប្រសាសន៍ប្រាប់ ប៊ីធីវី យ៉ាងខ្លីថា “អ្វីៗយើងបានប្រកាសក្នុងផេក (ហ្វេសប៊ុក) ដោយសារក្នុងផេកយើងមានដាក់ ហើយអាចទំនាក់ទំនងទៅមេធាវីឈ្មោះ សាវុន បន្ថែមទៀតទើបគាត់មានជម្រៅ (ផ្តល់ព័ត៌មាន)”។
ពាក់ព័ន្ធរឿងនេះ BTV បានព្យាយាមទាក់ទងទៅ លោក ជា រដ្ឋសាវុន មេធាវីក្រុមហ៊ុន GFX និងលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ជាច្រើនលើកច្រើនសារហើយ ដើម្បីសុំបំភ្លឺ ប៉ុន្តែទូរស័ព្ទចូលមិនមានអ្នកទទួល។
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លើយសារតបទៅកាន់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក (Facebook) ចំពោះក្រុមហ៊ុន GFX Investment ថា“ដោយសារបងប្អូនចូលមកនិយាយប្រាប់ខ្ញុំច្រើនដងហើយ ដែលល្មមដល់ពេលខ្ញុំត្រូវឆ្លើយតបដោយខ្លីថា ”សូមបងប្អូនសម្រុះសម្រួលគ្នា ព្រោះបងប្អូនស្ម័គ្រចិត្តរកស៊ីជាមួយគ្នា។ ក្នុងករណីការស្រុះស្រួលមិនបាន សុំដាក់ពាក្យបណ្តឹងទៅតុលារការ”។
សូមបញ្ជាក់ថា ក្រុមហ៊ុន GOLDFX INVESTMENT ហៅកាត់ GFX ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតស្របច្បាប់ និងជាភ្នាក់ងារឈ្មួញជើងសារឧបករណ៍និស្សន្ទ ដែលទទួលអាជ្ញាប័ណ្ណស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជា ដែលសំដៅទៅការជួញដូរលើរូបិយប័ណ្ណអន្តរជាតិ មាស និងប្រេងឆៅជាដើម៕ ដោយ ៖ ឈិត បូរ៉ាវី




