មេដឹកនាំកោះតៃវ៉ាន់លោក ឡៃ ឆីង-ទ (Lai Ching-te) បាននិយាយក្នុងសន្ទរកថាឆ្នាំថ្មីនៅថ្ងៃពុធ ១ មករា២០២៥នេះថា កោះនេះត្រូវតែបង្កើនការចំណាយលើវិស័យការពារជាតិ និងបង្ហាញការប្ដេជ្ញាចិត្តដើម្បីការពារខ្លួនឯង។

ជាមួយគ្នានោះលោកបាននិយាយថា លោកស្វាគមន៍ការផ្លាស់ប្តូរដោយស្មើភាព សេចក្តីថ្លៃថ្នូរ មានសុខភាពល្អ និងប្រកបដោយសណ្តាប់ធ្នាប់ជាមួយប្រទេសចិន ប៉ុន្តែឆ្ងល់ថាតើមានច្ឆន្ទៈពីទីក្រុងប៉េកាំង ដែលលោកបាននិយាយថា ជាការរារាំងពួកគេនូវរឿងសាមញ្ញៗដូចជាទេសចរណ៍ដែរឬទេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចូលឆ្នាំសកល លោក Lai បាននិយាយថា ប្រទេសចិនកំពុងរារាំងអន្តរកម្មធម្មតាអមដោយការរឹតត្បិតលើភ្ញៀវទេសចរចិនដែលមកទស្សនា ឬនិស្សិតដែលកំពុងសិក្សានៅលើកោះនេះ ខណៈការហាមប្រាមស្រដៀងគ្នានេះមិនអនុវត្តចំពោះពលរដ្ឋតៃវ៉ាន់ដែលទៅប្រទេសចិននោះទេ។

យោធាចិនធ្វើប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ជារៀងរាល់ថ្ងៃ ហើយកាលពីឆ្នាំមុនបានរៀបចំល្បែងសង្គ្រាមចំនួនពីរជុំនៅជិតកោះនេះ។
លោក Lai បាននិយាយថា ការគំរាមកំហែងកាន់តែខ្លាំងពីប្រទេសនានា លទ្ធិប្រជាធិបតេយ្យគួរតែរួបរួមគ្នា ហើយបានចង្អុលទៅយោធារបស់ចិន និងរុស្ស៊ី ដែលប្រតិបត្តិការរួមគ្នានៅឥណ្ឌូប៉ាស៊ីហ្វិក។ លោក Lai ដែលចូលកាន់តំណែងកាលពីខែឧសភា បានផ្តល់ការពិភាក្សាជាទៀងទាត់ជាមួយប្រទេសចិន ប៉ុន្តែត្រូវបានបដិសេធ។
ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយចាត់ទុកមេដឹកនាំកោះនេះ ថាជាជនបំបែកខ្លួនដ៏គ្រោះថ្នាក់។ លោកនិយាយថា មានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចលើអនាគតរបស់ពួកគេបាន៕