ការផ្គត់ផ្គង់ឧស្ម័នដ៏មានឥទ្ធិពលរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប តាមរយៈអ៊ុយក្រែន ដែលដំណើរការអស់ជាច្រើនទសវត្សរ៍មកហើយ ត្រូវបានកំណត់ថានឹងបញ្ចប់នៅថ្ងៃឆ្នាំថ្មី ០១ មករា នេះ ដោយសារការដួលរលំនៃកិច្ចសន្យារវាងប្រទេសជម្លោះទាំងពីរ ដែលបានបង់ប្រាក់រាប់ពាន់លានដល់ទីក្រុងមូស្គូ ក្នុងចំណូលឧស្ម័ន និងចំណូលថ្លៃបញ្ជូនបន្តសម្រាប់ទីក្រុងគីវ។

ការបិទផ្លូវឧស្ម័នដ៏ចំណាស់ជាងគេបំផុតរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប បានបញ្ចប់ទំនាក់ទំនងដ៏អាក្រក់រយៈពេលមួយទសវត្សរ៍ ដែលបង្កឡើងដោយការរឹបអូសយកទឹកដីគ្រីមេ របស់រុស្ស៊ី ក្នុងឆ្នាំ២០១៤។ សហភាពអឺរ៉ុប បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេដងដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី បន្ទាប់ពីការផ្ទុះសង្រ្គាមនៅអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយស្វែងរកប្រភពជំនួស។

ឧស្ម័នធម្មជាតិរាវ (LNG) ពីកាតា និងសហរដ្ឋអាមេរិក បានជួយសហភាពអឺរ៉ុប ក្នុងការស្វែងរកការផ្គត់ផ្គង់ជំនួស ហើយបំពង់ផ្គត់ផ្គង់ឧស្ម័នបានមកពីប្រទេសន័រវេស។ ការផ្លាស់ប្តូរនេះគឺច្បាស់ណាស់កាលពីឆ្នាំមុន នៅពេលដែលក្រុមហ៊ុននាំចេញឧស្ម័ន ហ្គាសប្រូម (Gazprom) ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី បានកត់ត្រាការខាតបង់ចំនួន ៧ពាន់លានដុល្លារ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៩ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញការនាំចេញទៅកាន់អ្នកទិញថ្មីគឺប្រទេសចិន ក៏ដោយ។

អ្នកទិញឧស្ម័នរុស្ស៊ី ដែលនៅសល់តាមរយៈបំពង់បង្ហូរអ៊ុយក្រែន ដូចជាស្លូវ៉ាគី និងអូទ្រីស ក៏បានរៀបចំការផ្គត់ផ្គង់ជំនួសផងដែរ។ អ្នកវិភាគបានព្យាករថាមានផលប៉ះពាល់ទីផ្សារតិចតួចប៉ុណ្ណោះ ពីការបញ្ឈប់ផ្គត់ផ្គង់ឧស្ម័នដែលត្រូវបានបញ្ជាក់កាលពីថ្ងៃអង្គារ ៣១ ធ្នូ ឆ្នាំ២០២៤ នៅពេលទិន្នន័យពីប្រតិបត្តិករដឹកជញ្ជូនឧស្ម័នរបស់អ៊ុយក្រែន បានបង្ហាញថា រុស្ស៊ីមិនបានស្នើសុំបន្តលំហូរឧស្ម័នណាមួយទៀតទេសម្រាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ តាមរយៈបំពង់បង្ហូរអ៊ុយក្រែន ទៅកាន់អឺរ៉ុប គិតត្រឹមម៉ោង ១៧:០០ ម៉ោងសកល៕