ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធ (០១ មករា) នេះថា សហភាពមីយ៉ាន់ម៉ា បានធ្វើជំរឿនឆ្នាំ២០២៤ របស់ខ្លួន ដោយរកឃើញប្រជាជនចំនួន ៥១,៣លាននាក់ ដែលតិចជាងបន្តិចកាលពី ១០ឆ្នាំមុន ខណៈរបបសឹកកំពុងរៀបចំសម្រាប់ការបោះឆ្នោតដែលបានសន្យា ស្របពេលមានជម្លោះ និងចលាចលនៅទូទាំងប្រទេស។

របាយការណ៍ បាននិយាយថា តួលេខ ៥១,៣លាននាក់ឆ្នាំ២០២៤ នេះគឺធ្លាក់ចុះពីចំនួន ៥១,៥លាននាក់នៅក្នុងជំរឿនមុនក្នុងឆ្នាំ២០១៤។ ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា របស់ប្រទេស មិនត្រូវបានរាប់បញ្ចូលក្នុងជំរឿនទាំងពីរទេ។

ជំរឿនដែលបានធ្វើឡើងកាលពីខែតុលា ឆ្នាំ២០២៤ នឹងត្រូវប្រើដើម្បីចងក្រងបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតដែលគ្រោងក្នុងឆ្នាំ២០២៥ នេះ ដែលក្រុមប្រឆាំងបានថ្កោលទោសយ៉ាងទូលំទូលាយថាជាការបោកប្រាស់។ ប្រមុខរដ្ឋាភិបាល លោក Min Aung Hlaing បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់ខ្លួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា "យើងកំពុងខិតខំរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដោយជោគជ័យ ដែលជាគោលដៅចុងក្រោយរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ"។
មីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត និងបានបង្ក្រាបយ៉ាងហិង្សាលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបង្កឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេស៕