ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានក្លាយជាព្រឹត្តិការណ៍ដ៏ធំសម្រាប់ចុងឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះបានផ្ដល់ភាពសប្បាយរីករាយ ស្នាមញញឹមដល់ប្រជាពលរដ្ឋគ្រប់រូបតាំងពីថ្ងៃហាត់សម រហូតដល់ថ្ងៃកម្មវិធី ដែលមានអ្នកចូលរួមទាំងចាស់ ទាំងក្មេង ទាំងអ្នករស់នៅរាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្តនានា។
ព្រឹត្តិការណ៍សាទរកម្ពុជា ជាព្រឹត្តិការណ៍លើកដំបូងដែល សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដួចផ្ដើមរៀបចំឡើង ដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តរាប់ពាន់ដែលមានគំនិតជារួម រៀបចំឡើងដើម្បីសង្គមជាតិកម្ពុជា។ ព្រឹត្តិការណ៍នេះ ចាប់រាប់ពីការហាត់សមជាច្រើនថ្ងៃ រហូតមកដល់ថ្ងៃកម្មវិធី គឺបានផ្ដល់ស្នាមញញឹម ភាពពេញចិត្ត សម្រាប់អ្នកចូលរួមគ្រប់រូប។ ជាក់ស្ដែងសម្រាប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ដែលជាថ្ងៃកម្មវិធីផ្ទាល់ ប្រជាពលរដ្ឋបានអញ្ជើញមកដល់មុខព្រះបរមរាជវាំង តាំងពីពេលថ្ងៃត្រង់ ដើម្បីរង់ចាំទស្សនាការចាប់ផ្ដើមកម្មវិធីជាផ្លូវការ។ ពិសេសគឺរង់ចាំក្បួនដង្ហែសាទរកម្ពុជាដ៏អស្ចារ្យ។
សម្រាប់ពលរដ្ឋដែលបានអញ្ជើញមករង់ចាំទស្សនានេះ មានវ័យមានចាស់ មានក្មេង ជាក្រុមគ្រួសារ ជាមិត្តភក្តិ ជាអ្នករស់នៅរាជធានីភ្នំពេញ និងមានអ្នកមកពីតាមបណ្ដាខេត្តផងដែរ។ គួរឱ្យចាប់អារម្មណ៍ផងដែរ ដូនចាស់ វ័យចាប់ពី៨០ឆ្នាំឡើង ក៏ប្រឹងពុះពារអញ្ជើញមកជាមួយក្រុមគ្រួសារ ដើម្បីទស្សនាព្រឹត្តិការណ៍សាទរកម្ពុជានេះដែរ។ ពួកគាត់ពេញចិត្តជាខ្លាំង ចំពោះវត្តមានច្រើនកុះកររបស់អ្នកចូលរួម និងការតុបតែង ទោះបីពួកគាត់ពុំទាន់បានទស្សនាការសម្ដែងនានាក្នុងកម្មវិធីយ៉ាងណាក្ដី។
ឈានចូលដល់ពេលរាត្រី ការសម្ដែងបានចាប់ផ្ដើម ពិសេសការដង្ហែក្បួនសាទរកម្ពុជា។ ការដង្ហែក្បួនសាទរកម្ពុជា ការដង្ហែទង់ជាតិព្រះរាជាណាចក្រកម្ពុជា ការសម្ដែងទម្រង់សិល្បៈនានា បានផ្ដល់នូវទស្សនីយភាពដ៏អស្ចារ្យ។ ការទះដៃ សម្លេងហ៊ោកញ្ជ្រៀវ បានបន្លឺឡើងរំពងនៅគ្រប់ចំណុចដែលក្បួនសាទរកម្ពុជា បានឆ្លងកាត់។ ពួកគាត់ដែលឈរទស្សនាក្បួនដង្ហែសាទរកម្ពុជានេះ ម្នាក់ៗកាន់ទូរស័ព្ទផ្តិតយករូបភាពស្រស់ស្អាត ភ្ជាប់ជាមួយស្នាមញញឹមដែលបង្ហាញពីភាពពេញចិត្តជាខ្លាំង។ ពួកគាត់លើកឡើងថា កម្មវិធីនេះពិតជាអស្ចារ្យណាស់ បើមិនបានចូលរួមដោយផ្ទាល់នោះទេ គឺពិតជាសោកស្ដាយណាស់។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សាទរកម្ពុជា ជាកម្មវិធីលើកដំបូងដែលសហភាពសហ័ពន្ធយុវជនកម្ពុជា បានផ្ដួចផ្ដើមរៀបចំឡើង។ កម្មវិធីបនេះប្រព្រឹត្តិទៅតាំងពេលរសៀល រហូតដល់ការបញ្ចប់ឆ្នាំ ២០២៤ ចូលឆ្នាំ ២០២៥៕ អត្ថបទ៖ គឹមហុក













