ក្រុមអ្នកជំនាញផ្នែកសុវត្ថិភាពផ្លូវអាកាសកាលពីថ្ងៃអង្គារ (៣១ ធ្នូ) បានចោទជាសំណួរពីទីតាំងនៃរបងការពារទឹកជំនន់របស់អាកាសយានដ្ឋាន ដែលយន្តហោះដឹកអ្នកដំណើររបស់កូរ៉េខាងត្បូង ជួបគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេស។

អ្នកដំណើរទាំង ១៧៥នាក់ និងបុគ្គលិក ៤នាក់ក្នុងចំណោម ៦នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ នៅពេលយន្តហោះ Jeju Air បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan ដោយធ្លាក់ចេញពីផ្លូវរត់ បុកចូលទៅជញ្ជាំងរបងបេតុង ហើយបានផ្ទុះឆេះ។ មូលហេតុដែលបណ្ដាលឱ្យអាកាសយានិកព្យាយាមចុះចតបន្ទាប់ពីប្រកាសអាសន្ននេះ គឺនៅស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

ប៉ុន្តែការអត្ថាធិប្បាយនៅក្នុងសៀវភៅណែនាំប្រតិបត្តិការរបស់អាកាសយានដ្ឋានដែលបង្ហោះនៅដើមឆ្នាំ២០២៤ បាននិយាយថា ជញ្ជាំងដែលសាងសង់សម្រាប់ការពារទឹកជំនន់របស់អាកាសយានដ្ឋាន ស្ថិតនៅជិតផ្លូវរត់ពេក ហើយបានផ្តល់អនុសាសន៍ឱ្យពិនិត្យមើលទីតាំងនោះឡើងវិញ ក្នុងអំឡុងពេលការពង្រីកដែលបានគ្រោងទុក។

អ្នកជំនាញក៏បានរិះគន់ទីតាំងរបងដែលកៀកនឹងផ្លូវរត់ដ៏គ្រោះថ្នាក់នេះផងដែរ។ អ្នកស៊ើបអង្កេតកំពុងរកមើលលទ្ធភាពនៃហេតុផលពីក្រោយឧបទ្ទវហេតុនេះ ដូចជាការបុកហ្វូងបក្សី និងប្រព័ន្ធគ្រប់គ្រងមិនដំណើរការនៅលើយន្តហោះដោយសារការប្រញាប់ប្រញាល់ដ៏ជាក់ស្តែងរបស់អាកាសយានិក ដើម្បីព្យាយាមចុះចតភ្លាមៗបន្ទាប់ពីបានប្រកាសអាសន្ន៕