ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅលើ និងជុំវិញមន្ទីរពេទ្យ បានរុញច្រានប្រព័ន្ធថែទាំសុខភាពរបស់ដែនដីហ្កាហ្សា ធ្លាក់ទៅ "មាត់ជ្រោះនៃការដួលរលំទាំងស្រុង" ហើយបានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

របាយការណ៍ថ្មីមួយពិពណ៌នាអំពីគំរូដែលកងកម្លាំងអ៊ីស្រាអែលវាយប្រហារ ឡោមព័ទ្ធ និងជម្លៀសចេញពីមន្ទីរពេទ្យដោយបង្ខំ ដែលនាំឱ្យអ្នកជំងឺស្លាប់ ឬត្រូវបានសម្លាប់។ របាយការណ៍ទទួលស្គាល់ការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថាមន្ទីរពេទ្យត្រូវបានប្រើប្រាស់ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ប៉ុន្តែនិយាយថា ភស្តុតាងគឺ "មិនច្បាស់លាស់ទេ"។

បេសកកម្មរបស់អ៊ីស្រាអែល នៅទីក្រុងហ្សឺណែវ បាននិយាយថា របាយការណ៍នេះគឺជាការបង្ហាញពីអ្វីដែលខ្លួនហៅថា "ការឈ្លក់វង្វេងផ្នែកនយោបាយប្រឆាំងអ៊ីស្រាអែល" របស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហើយថាវា "ពឹងផ្អែកលើព័ត៌មានពីអាជ្ញាធរសុខាភិបាលក្រុមហាម៉ាស"។ អ៊ីស្រាអែល សង្កត់ធ្ងន់ថា កងកម្លាំងខ្លួនបានធ្វើប្រតិបត្តិការស្របតាមច្បាប់អន្តរជាតិ ហើយនឹង "មិនដែលកំណត់គោលដៅជនស៊ីវិលស្លូតត្រង់ឡើយ"។
ទាំងក្រុមហាម៉ាស និងបុគ្គលិកពេទ្យ បានបដិសេធម្ដងហើយម្ដងទៀតថា មន្ទីរពេទ្យមិនត្រូវបានប្រើប្រាស់ដោយក្រុមប្រដាប់អាវុធនោះទេ៕