ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (៣០ ធ្នូ) បានដាក់ចេញនូវអ្វីដែលលោកហៅថាជាការព្រមានចុងក្រោយ ដល់ក្រុមសកម្មប្រយុទ្ធហ៊ូទី ដែលគាំទ្រដោយប្រទេសយេម៉ែន ឱ្យបញ្ឈប់ការវាយប្រហារដោយមីស៊ីលទៅលើអ៊ីស្រាអែល ដោយនិយាយថា ពួកគេកំពុងប្រថុយនឹង "ជោគវាសនាដ៏វេទនា" ដូចក្រុមហាម៉ាស ក្រុមហេសបូឡា និងលោក Bashar al-Assad របស់ស៊ីរី ប្រសិនបើពួកគេនៅតែបន្ត។

លោកឯកអគ្គរដ្ឋទូត Danny Danon ក៏បានព្រមានក្រុងតេអេរ៉ង់ផងដែរថា អ៊ីស្រាអែល មានសមត្ថភាពវាយប្រហារគ្រប់គោលដៅនៅមជ្ឈិមបូព៌ា រួមទាំងនៅអ៊ីរ៉ង់ ហើយនឹងមិនអត់ឱនចំពោះការវាយប្រហារណាមួយដោយក្រុមតំណាងអ៊ីរ៉ង់ឡើយ។

ប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីការព្រមាននោះ យោធាអ៊ីស្រាអែល បានប្រកាសថាខ្លួនបានស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីយេម៉ែន ដោយជំរុញឱ្យសំឡេងស៊ីរ៉ែនលាន់លឺពាសពេញប្រទេស។ លោក Mohamed Ali al-Houthi ប្រធានគណៈកម្មាធិការបដិវត្តន៍កំពូលរបស់ក្រុមហ៊ូទី បាននិយាយបន្ទាប់ពីយោធាអ៊ីស្រាអែលប្រកាសពីការស្ទាក់ចាប់មីស៊ីលនេះថា ចលនាហ៊ូទី នឹងមិនបញ្ចប់ការវាយប្រហារលើអ៊ីស្រាអែលទេ។

ក្រុមសកម្មប្រយុទ្ធហ៊ូទី បានបាញ់យានដ្រូន និងមីស៊ីលម្តងហើយម្តងទៀតទៅកាន់អ៊ីស្រាអែល នៅក្នុងអ្វីដែលពួកគេពិពណ៌នាថាជាសកម្មភាពនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្រោមការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា៕