ការស៊ើបអង្កេតលើការធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ កូរ៉េខាងត្បូង បានបង្កើនល្បឿននៅថ្ងៃពុធ (០១ មករា) នេះដោយទទួលបានទិន្នន័យប្រអប់ខ្មៅ ខណៈក្រុមគ្រួសារបានចាប់ផ្តើមរៀបចំពិធីបុណ្យសព បន្ទាប់ពីអាជ្ញាធរបានបញ្ចប់ជាផ្លូវការកំណត់អត្តសញ្ញាណជនរងគ្រោះចំនួន ១៧៩នាក់នៃគ្រោះមហន្តរាយផ្លូវអាកាសដ៏អាក្រក់បំផុតរបស់ប្រទេស។

អាជ្ញាធរបានទាញយកទិន្នន័យដំបូងពីប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅពីររបស់យន្តហោះ Boeing 737-800 ដែលជួបគ្រោះថ្នាក់។ អនុរដ្ឋមន្ត្រីសម្រាប់អាកាសចរណ៍ស៊ីវិល លោក Joo Jong-wan បាននិយាយថា ប្រអប់ខ្មៅទាំងពីរត្រូវបានរកឃើញ ហើយសម្រាប់ម៉ាស៊ីនថតសំឡេង “ការស្រង់ទិន្នន័យដំបូងត្រូវបានបញ្ចប់រួចរាល់ហើយ។ ផ្អែកលើទិន្នន័យបឋមនេះ យើងមានគម្រោងចាប់ផ្តើមបំប្លែងវាទៅជាទម្រង់សំឡេងធម្មតា" ដែលមានន័យថា អ្នកស៊ើបអង្កេតនឹងអាចស្តាប់ការសន្ទនាចុងក្រោយរបស់អ្នកបើកយន្តហោះ។

ដំបូងឡើយ ក្រុមមន្ត្រីបានចង្អុលបង្ហាញពីការបុកហ្វូងបក្សីថាជាមូលហេតុដែលអាចកើតមាននៃគ្រោះមហន្តរាយនេះ ប៉ុន្តែពួកគេបាននិយាយថា ចាប់តាំងពីពេលនោះមក ការស៊ើបអង្កេតក៏កំពុងពិនិត្យមើលរបាំងបេតុងនៅចុងផ្លូវរត់ ដែលយន្តហោះ Jeju Air បានបុកមុនពេលផ្ទុះឆេះ៕
