របាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យនានា ក្នុងតំបន់ហ្កាហ្សា បានរុញច្រានប្រព័ន្ធថែទាំសុខភាពក្នុងតំបន់ ឈានទៅរក«ស្ថានភាពនៃការដួលរលំទាំងស្រុង» ដោយបណ្តាលឲ្យមាន«ឥទ្ធិពលដ៏មហន្តរាយ»ទៅលើលទ្ធភាពទទួលបានការថែទាំសុខភាព និងការថែទាំផ្នែកវេជ្ជសាស្ត្ររបស់ប្រជាជនប៉ាឡេស្ទីន។

លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បាននិយាយថា៖«វាចាំបាច់ណាស់ដែលត្រូវតែមានការស៊ើបអង្កេតដោយឯករាជ្យ ហ្មត់ចត់ និងតម្លាភាពនៃឧប្បត្តិហេតុទាំងអស់នេះ និងការទទួលខុសត្រូវពេញលេញចំពោះរាល់ការរំលោភលើច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ ដែលបានកើតឡើង»។

របាយការណ៍ បានបញ្ជាក់ថា ការវាយប្រហារដែលបានចងក្រងជាឯកសារ នៅចន្លោះថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ និងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការអនុលោមតាមច្បាប់អន្តរជាតិរបស់អ៊ីស្រាអែល ដោយបន្ថែមថា ការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៃហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព នៅតំបន់ហ្កាហ្សា បានបណ្តាលឲ្យបាត់បង់ជីវិតយ៉ាងច្រើន ក្នុងចំណោមអ្នកជំងឺ បុគ្គលិកពេទ្យ និងជនស៊ីវិល ដែលធ្វើឲ្យវិបត្តិមនុស្សធម៌ កាន់តែធ្ងន់ធ្ងរឡើង។
ក្នុងករណីភាគច្រើន អ៊ីស្រាអែល បានអះអាងថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បានប្រើប្រាស់មន្ទីរពេទ្យខុសសម្រាប់គោលបំណងយោធា។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នោះ បានពណ៌នាការចោទប្រកាន់ទាំងនេះថា «មិនច្បាស់លាស់ និងទូលំទូលាយ» ជាមួយនឹងភ័ស្តុតាងមិនគ្រប់គ្រាន់។ ក្នុងករណីខ្លះ ការចោទប្រកាន់នេះ បានលេចឡើង «ផ្ទុយពីព័ត៌មានដែលមានជាសាធារណៈ»។
លោក Turk បាននិយាយថា៖«ការការពារមន្ទីរពេទ្យក្នុងអំឡុងពេលសង្រ្គាម គឺជារឿងសំខាន់បំផុត ហើយត្រូវតែគោរពដោយភាគីទាំងអស់គ្រប់ពេលវេលា»។