ការចោទប្រកាន់ថាមានការរំលោភបំពាន និងប៉ះពាល់ដល់ផ្លូវចិត្តចំពោះជនជាតិប៉ាឡេស្ទីននៅក្នុងពន្ធនាគារ និងជំរំឃុំឃាំងរបស់អ៊ីស្រាអែល កំពុងស្ថិតក្នុងការផ្តោតអារម្មណ៍ជាថ្មី ស្របពេលមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងកាលពីខែធ្នូ ឆ្នាំ២០២៤ ពីអ្នកសម្របសម្រួលអន្តរជាតិ ដើម្បីទទួលបានបទឈប់បាញ់ ដែលអាចមើលឃើញការដោះលែងអ្នកទោសរាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងសង្គ្រាមហ្កាហ្សា និងកាលពីមុន ដោះដូរនឹងចំណាប់ថ្នូរអ៊ីស្រាអែល ដែលចាប់ខ្លួនដោយក្រុមហាម៉ាសប៉ាឡេស្ទីន នៅដែនដីហ្កាហ្សា។

សារព័ត៌មានរ៉យទ័រ បាននិយាយទៅកាន់បុរសប៉ាឡេស្ទីន ៤នាក់ដែលត្រូវបានអ៊ីស្រាអែល ឃុំខ្លួនអស់ច្រើនខែបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយចោទថាពាក់ព័ន្ធនឹងអង្គការខុសច្បាប់ ហើយត្រូវបានដោះលែងដោយមិនត្រូវបានចោទប្រកាន់ជាផ្លូវការ ឬកាត់ទោសពីបទឧក្រិដ្ឋណាមួយឡើយ។

អ្នកទាំងអស់នោះបានពិពណ៌នាពីស្លាកស្នាមផ្លូវចិត្តយូរអង្វែងដោយសារការរំលោភបំពានរួមទាំងការវាយដំ សម្រាកមិនគ្រប់គ្រាន់ បង្អត់អាហារ និងការអត់ធ្មត់យូរក្នុងស្ថានភាពស្ត្រេស អំឡុងពេលឃុំឃាំង។ ការលើកឡើងនេះត្រូវគ្នានឹងការស៊ើបអង្កេតជាច្រើនដោយក្រុមសិទ្ធិមនុស្ស ដែលបានរាយការណ៍ពីការរំលោភយ៉ាងធ្ងន់ធ្ងរលើជនជាតិប៉ាឡេស្ទីន ក្នុងមណ្ឌលឃុំឃាំងរបស់អ៊ីស្រាអែល។
លោក កាឌូរ៉ា ហ្វារ៉េស (Qadoura Fares) ប្រធានគណៈកម្មការប៉ាឡេស្ទីនសម្រាប់អ្នកជាប់ឃុំខ្លួន ដែលជាស្ថាប័នរដ្ឋាភិបាលនៅតំបន់កាន់កាប់ West Bank បានលើកឡើងថា នៅពេលមានការដោះលែងអ្នកជាប់ឃុំនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់នាពេលអនាគត មនុស្សជាច្រើន "នឹងត្រូវការការថែទាំវេជ្ជសាស្រ្តរយៈពេលវែងដើម្បីជាសះស្បើយពីការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្តដែលពួកគេស៊ូទ្រាំ"៕