ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បានថ្លែងកាលពីថ្ងៃចន្ទថា ទាហានកូរ៉េខាងជើងជាង ៣.០០០នាក់ ត្រូវបានសម្លាប់ និងរងរបួស នៅក្នុងតំបន់ឃើស (Kursk) របស់ប្រទេសរុស្ស៊ី ហើយបានព្រមានថា ទីក្រុងព្យុងយ៉ាង អាចបញ្ជូនទាហាន និងគ្រឿងយុទ្ធោបករណ៍បន្ថែមទៀតសម្រាប់កងទ័ពរបស់ទីក្រុងមូស្គូ។

លោក ហ្សេឡិនស្គី បាននិយាយលើបណ្តាញសង្គម X បន្ទាប់ពីទទួលបានរបាយការណ៍ពីមេបញ្ជាការយោធាជាន់ខ្ពស់របស់ខ្លួន លោក Oleksandr Syrskyi ថា៖«មានហានិភ័យនៃការបញ្ជូនកងទ័ព និងបរិក្ខា យោធាបន្ថែមទៅឲ្យកងទ័ពរុស្ស៊ី»។
លោកបានបន្ថែមថា៖«យើងនឹងមានការឆ្លើយតបជាក់ស្តែងចំពោះបញ្ហានេះ»។

ការប៉ាន់ប្រមាណនៃការខាតបង់របស់កូរ៉េខាងជើង គឺខ្ពស់ជាងអ្វី ដែលផ្តល់ដោយអគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) ដែលបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ១.១00 នាក់ ត្រូវបានសម្លាប់ ឬរងរបួស។
ការវាយតម្លៃនេះ គឺស្របតាមសន្និសីទមួយកាលពីសប្តាហ៍មុនដោយទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង ដែលបានរាយការណ៍ថា ទាហានប្រហែល ១០០នាក់ បានស្លាប់ និង ១.០០០នាក់ផ្សេងទៀតបាន រងរបួស នៅក្នុងតំបន់នោះ។
លោក ហ្សេឡិនស្គី បាននិយាយថា ខ្លួនបានដកស្រង់ទិន្នន័យបឋម។ ចំណែកសារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍ស្តីពីការបាត់បង់ក្នុងការប្រយុទ្ធនោះបានទេ។
រុស្ស៊ីមិនបានបញ្ជាក់ ឬបដិសេធចំពោះវត្តមានរបស់កូរ៉េខាងជើង នៅខាងខ្លួនឡើយ។ ដំបូងឡើយ ទីក្រុងព្យុងយ៉ាង បានច្រានចោលរបាយការណ៍អំពីការដាក់ពង្រាយកងទ័ពថា ជា «ព័ត៌មានក្លែងក្លាយ» ប៉ុន្តែមន្ត្រីកូរ៉េខាងជើងម្នាក់ បាននិយាយថា ការដាក់ពង្រាយបែបនេះ នឹងស្របច្បាប់។