រដ្ឋមន្ត្រីមហាផ្ទៃប្រទេសទួរគី លោក Ali Yerlikaya បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងសន្តិសុខទួរគី បានឃាត់ខ្លួនសមាជិករដ្ឋឥស្លាម(IS) ដែលត្រូវសង្ស័យចំនួន ៥៣៦នាក់ នៅក្នុងប្រតិបត្តិការទូទាំងប្រទេស រយៈពេល ១២ថ្ងៃ កន្លងទៅនេះ។

លោក Yerlikaya បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ប្រតិបត្តិការដែលមានឈ្មោះថា GURZ-34 ត្រូវបានធ្វើឡើង នៅទូទាំងខេត្តចំនួន ៥៧ ដោយមានការសម្របសម្រួលជាមួយរដ្ឋអាជ្ញា អង្គការស៊ើបការណ៍សម្ងាត់ជាតិ និងអង្គភាពប្រឆាំងភេរវកម្មរបស់នគរបាល។

លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ជនសង្ស័យទាំងអស់នេះ បានចូលរួមក្នុងសកម្មភាព IS និងរក្សាទំនាក់ទំនងជាមួយបណ្តាតំបន់មានជម្លោះ។
លោកបានបន្ថែមថា៖«យើងមានការតាំងចិត្តក្នុងការលុបបំបាត់អំពើភេរវកម្ម ចេញពីប្រទេសរបស់យើងតាមរយៈការតស៊ូប្រយុទ្ធគ្រប់ជ្រុងជ្រោយ»។
ប្រទេសទួរគី បានចាត់តាំង IS ជាអង្គការភេរវកម្ម នៅក្នុងឆ្នាំ ២០១៣ ដោយបានស្តីបន្ទោសក្រុមនេះ ចំពោះការវាយប្រហារដ៏សាហាវ នៅក្នុងប្រទេស។ ទីក្រុងអង់ការ៉ា បានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្ក្រាបសមាជិក និងសកម្មភាពរបស់IS។