រដ្ឋមន្ត្រីក្រសួងកសិកម្មលីទុយអានី លោក Ignas Hofmanas បាននិយាយថា ប្រទេសលីទុយអានី នឹងមិនគាំទ្រការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុប (EU) និងប្លុកពាណិ ជ្ជកម្មអាមេរិកខាងត្បូង Mercosur នោះទេ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

លោក Hofmanas បាននិយាយថា គណៈកម្មាធិការកិច្ចការជនបទនៃសភាលីទុយអានី បានអនុម័តការសម្រេចចិត្តនេះ។
លោក Hofmanas បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក LRT TV កាលពីថ្ងៃចន្ទថា៖«គណៈកម្មការអឺរ៉ុបបានសន្យាផ្តល់ការពន្យល់លម្អិតអំពីកិច្ចព្រមព្រៀងនេះ ដែលយើងចង់រង់ចាំ ប៉ុន្តែសម្រាប់ពេលនេះ នេះគឺជាជំហររបស់យើង»។
នៅពាក់កណ្តាលខែធ្នូ គណៈកម្មាធិការសភា បានស្នើឲ្យរដ្ឋាភិបាលប្រឆាំងនឹងកិច្ចព្រមព្រៀង នៅក្នុងក្រុមប្រឹក្សាសហភាពអឺរ៉ុប ហើយស្របជាមួយរដ្ឋសមាជិកផ្សេងទៀត ដែលរារាំងកិច្ចព្រមព្រៀងនេះ ដោយលើកឡើងពីការព្រួយបារម្ភពីកសិករលីទុយអានី អំពីការប្រកួតប្រជែងដោយមិនមានភាពយុត្តិធម៌។

លោក Hofmanas បានបញ្ជាក់ថា៖«វិស័យកសិកម្មរបស់យើង រងផលប៉ះពាល់ជាពិសេស នៅពេលនិយាយអំពីសាច់ បសុបក្សី និងសាច់គោ។ ចាប់តាំងពីយើងដាំដុះកសិផលរបស់យើងភាគច្រើន និងនាំចេញចំណែកដ៏សំខាន់ ខ្ញុំគិតថា កិច្ចព្រមព្រៀងនេះ មិនបានផ្តល់ឱកាសអ្វីដល់យើងនោះទេ» ។
លោក Vytenis Tomkus អតីតអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម បាននិយាយពីមុនថា កិច្ចព្រមព្រៀងនេះ អាចផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រទេសលីទុយអានី តាមរយៈការជំរុញការនាំចេញផលិតផលកសិកម្ម និងអាហារ។