អេត្យូពី៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសអេត្យូពីកាលពីថ្ងៃអង្គារបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នទូទាំងប្រទេស បន្ទាប់ពីក្រុមឧទ្ទាម Tigray ដណ្ដើមបានទីក្រុងសំខាន់ៗចំនួន២ ដែលទំនងជាការរុលទៅមុខឆ្ពោះទៅកាន់រដ្ឋធានី។ សារព័ត៌មានរដ្ឋ Fana Broadcasting Corporate បានរាយការណ៍ដោយសំដៅដល់រណសិរ្សរំដោះប្រជាជន Tigray ថា ការដាក់រដ្ឋក្នុងគ្រាអាសន្នមានគោលបំណងការពារជនស៊ីវិលពីអំពើឃោរឃៅ ដែលប្រព្រឹត្តដោយក្រុមភេរវករ TPLF នៅក្នុងតំបន់ជាច្រើននៃប្រទេសនេះ។

សារព័ត៌មាន Fana បាននិយាយថា គេរំពឹងថាសមាជិកសភានឹងអនុម័តវិធានការនេះក្នុងរយៈពេល ២៤ម៉ោង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមភេរវករ TPLF បានប្រកាសគ្រប់គ្រងទីក្រុងសំខាន់ៗចំនួនពីរ ដែលមានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រពីទីក្រុង Addis Ababa ហើយពុំបានច្រានចោលការដើរក្បួននៅក្នុងរដ្ឋធានី ដែលរហូតមកដល់ពេលនេះមិនបានឃើញការប្រយុទ្ធណាមួយកើតឡើងឡើយ។ ចំណែករដ្ឋាភិបាលបានបដិសេធការអះអាងពីការដណ្ដើមបានទឹកដីរបស់ក្រុមភេរវករ TPLF។ ការដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦ខែរួមទាំងអនុវត្តវិធានការដូចជាការបិទផ្លូវ ការផ្អាកសេវាកម្មដឹកជញ្ជូន ការដាក់បម្រាមគោចរ និងការបញ្ជូនទាហានគ្រប់គ្រងស្ថានការណ៍តាមតំបន់សំខាន់ៗ។ ចំពោះបុគ្គលដែលមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករ អាចត្រូវបានចាប់ឃុំខ្លួនដោយពុំចាំបាច់មានដីការពីតុលាការ ចំណែកប្រជាពលរដ្ឋទាំងឡាយដែលគ្រប់អាយុអាចចូលបម្រើទ័ពបាន អាចត្រូវបានអំពាវនាវឲ្យចូលរួមប្រយុទ្ធប្រឆាំងដើម្បីប្រទេសជាតិ៕
អត្ថបទ៖ សុខមាន