ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី១ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា ពួកគេនឹងអនុវត្តដីកាចាប់ខ្លួនលោក Yoon Suk Yeol ពាក់ព័ន្ធទៅនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ត្រឹមថ្ងៃផុតកំណត់ នាថ្ងៃទី៦ ខែមករា ខណៈអ្នកគាំទ្រមេដឹកនាំដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង បានប្រមូលផ្តុំគ្នា នៅខាងក្រៅគេហដ្ឋានរបស់លោក។

គួរបញ្ជាក់ថា ទាំងអ្នកគាំទ្រ និងអ្នកប្រឆាំង ចំពោះលោក Yoon ដែលត្រូវបានព្យួរពីតំណែង ដោយសមាជិកសភា ជុំវិញការប៉ុនប៉ងរបស់លោក ដែលធ្វើឲ្យប៉ះពាល់ការគ្រប់គ្រងស៊ីវិល កាលពីខែមុន បានបោះជំរុំនៅខាងក្រៅបរិវេណដែលលោកសម្ងំលាក់ខ្លួនអស់ជាច្រើនសប្តាហ៍ ដោយរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកស៊ើបអង្កេត ក្នុងការសាកសួរលោក។

ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) បានស្នើសុំដីកានេះ បន្ទាប់ពីលោក Yoon ខកខានមិនបានរាយការណ៍ សម្រាប់ការសាកសួរជាលើកទី៣ ប៉ុន្តែគេមិនច្បាស់ទេថា តើពួកគេអាចអនុវត្តដីកានេះបានដែរ ឬយ៉ាងណា ខណៈសេវាសន្តិសុខប្រធានាធិបតី បានបដិសេធមិនគោរពតាមដីកាឆែកឆេរ នៅមុននេះ។

ប្រមុខ CIO លោក Oh Dong-woon នៅថ្ងៃទី១ ខែមករានេះ បាននិយាយថា ដីកានឹងត្រូវបានអនុវត្ត «ក្នុងរង្វង់រយៈពេលកំណត់» ដែលជាថ្ងៃទី៦ ខែមករា។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមានបំណងឲ្យដំណើរការដោយរលូន ដោយគ្មានការរំខានណាមួយ ប៉ុន្តែយើងក៏កំពុងសម្របសម្រួល ដើម្បីរៀបចំកម្លាំងនគរបាល និងបុគ្គលិក ជាការត្រៀមទុកផងដែរ»។
ជាមួយគ្នានេះ លោកក៏បានព្រមានផងដែរថា អ្នកណាដែលព្យាយាមរារាំងអាជ្ញាធរមិនឲ្យចាប់ខ្លួនលោក Yoon អាចប្រឈមនឹងការកាត់ទោស។ លោកបានសង្កត់ធ្ងន់ថា អ្នកណាក៏ដោយដែលធ្វើបែបនេះ «អាចត្រូវបានកាត់ទោសក្រោមការចោទប្រកាន់ពីបទរំលោភសិទ្ធិអំណាច ដែលជ្រៀតជ្រែកការអនុវត្តសិទ្ធិ និងរារាំងកាតព្វកិច្ចផ្លូវការ តាមរយៈវិធីសាស្ត្រមិនធម្មតា»៕