ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ (ទី៣១ ខែធ្នូ ឆ្នាំ២០២៤) បាននិយាយថា លោកបានទទួលស្គាល់ថា ការសម្រេចចិត្តរបស់លោក ក្នុងការប្រកាសរៀបចំការបោះឆ្នោតសភាមុនកាលកំណត់ ក្នុងខែមិថុនា បានបង្កើតឲ្យមានអស្ថិរភាពនយោបាយបន្ថែមទៀតនៅក្នុងប្រទេសនេះ ដោយនេះជាការបង្ហាញនូវការសោកស្ដាយដ៏កម្រឃើញមាន អំឡុងពេលថ្លែងសុន្ទរកថាបញ្ចប់ឆ្នាំរបស់លោក។
សុន្ទរកថានេះ បានបូកសរុបនូវភាពច្របូកច្របល់ ក្នុងឆ្នាំ២០២៤ សម្រាប់លោក Macron ដែលបានធ្វើឲ្យប្រទេសជាតិភ្ញាក់ផ្អើល នាពាក់កណ្តាលឆ្នាំ ដោយការប្រកាសឲ្យមានការបោះឆ្នោតមុនកាលកំណត់ ជាចំណាត់ការដែលទទួលបានផលជាអវិជ្ជមាន ដោយអ្នកបោះឆ្នោតបានផ្តល់ឲ្យនូវសភាមួយគ្មានសំឡេងភាគច្រើនដាច់ខាត ដែលមានសមាជិកសភានៃក្រុមស្តាំនិយមជ្រុលច្រើន និងធ្វើឲ្យអំណាចរបស់លោក Macron ចុះខ្សោយ។
ក្នុងសុន្ទរកថាតាមទូរទស្សន៍ មុនពេលប្រារព្ធពិធីចូលឆ្នាំថ្មី លោក Macron បាននិយាយថា៖ «ដោយបានពិចារណាយ៉ាងច្បាស់លាស់ ខ្ញុំទទួលស្គាល់ថា នៅដំណាក់កាលនេះ ការសម្រេចចិត្តនេះ បានធ្វើឲ្យមានអស្ថិរភាពច្រើនជាងមានសន្តិភាព ហើយខ្ញុំជាអ្នកទទួលខុសត្រូវទាំងស្រុងលើការសម្រេចនេះ»។
លោកបានបន្ថែមថា៖ «ការប្រកាសរំលាយ បានបង្កឲ្យមានការបែកបាក់ច្រើនបន្ថែមទៀត ក្នុងសភា ជាជាងមានដំណោះស្រាយ សម្រាប់ប្រជាជនបារាំង»។
គួររំលឹកថា លោក Macron បានបង្ហាញពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់លោក ក្នុងការប្រកាសរៀបចំការបោះឆ្នោតមុនកាលកំណត់ ឬមុនអាណត្តិ បន្ទាប់ពីទទួលបានលទ្ធផលមិនល្អក្នុងការបោះឆ្នោតនៅអឺរ៉ុប ដោយបញ្ជាក់ពីតម្រូវការ ដើម្បីដោះស្រាយស្ថានភាពនយោបាយ។
បន្ថែមពីលើព្រឹត្តិការណ៍ច្របូកច្របល់ជាបន្តបន្ទាប់ ប្រទេសបារាំងបានបរាជ័យក្នុងការអនុម័តច្បាប់ថវិកាសម្រាប់ឆ្នាំ២០២៥ មុនកាលកំណត់ដំណាច់ឆ្នាំ ហើយលោក Macron ត្រូវតែងតាំងនាយករដ្ឋមន្ត្រីទី៤ នៅឆ្នាំ២០២៤ ដែលជាអតីតអ្នកនយោបាយជើងចាស់ លោក Francois Bayrou កាលពីខែធ្នូ៕