រដ្ឋមន្រ្ដីប្រចាំរដ្ឋ Manipur នៅភាគឦសាននៃប្រទេសឥណ្ឌា បានសុំអភ័យទោស កាលពីថ្ងៃអង្គារ (ទី៣១ ខែធ្នូ) ចំពោះការមានភាពចលាចលជាច្រើនខែ រវាងជនជាតិភាគតិច ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥០នាក់ និងដែលបានជំរុញឲ្យមានការរិះគន់ ចំពោះរដ្ឋាភិបាលសហព័ន្ធរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi។
ជម្លោះរវាងជនជាតិ Meitei ភាគច្រើន និងសហគមន៍កុលសម្ព័ន្ធ Kuki នៅក្នុងរដ្ឋ ដែលមានប្រជាជនចំនួន ៣,២លាននាក់ បានផ្ទុះឡើងក្នុងខែឧសភា ឆ្នាំ២០២៣ និងបានធ្វើឲ្យមនុស្ស ៦0.000នាក់ផ្លាស់ទីលំនៅ។ ថ្វីបើមានកិច្ចខិតខំប្រឹងប្រែងសន្តិភាពក៏ដោយ ក៏ជនជាតិភាគតិច Kuki និង Meitei ជាច្រើនបានផ្លាស់ចេញពីតំបន់ចម្រុះជាតិសាសន៍មួយចំនួន។
អំពើហិង្សានោះ បានផ្ទុះឡើងបន្ទាប់ពីតុលាការ បានបញ្ជារដ្ឋាភិបាលប្រចាំរដ្ឋពិចារណាលើការពង្រីកអត្ថប្រយោជន៍សេដ្ឋកិច្ចពិសេស និងកូតា ក្នុងការងាររដ្ឋាភិបាល និងការអប់រំដែលប្រជាជន Kuki ទទួលបាន ឲ្យដល់ប្រជាជន Meitei ផងដែរ។
លោក Singh បានប្រាប់អ្នកសារព័ត៌មាន នៅរដ្ឋធានី Imphal របស់រដ្ឋនេះថា៖ «ពេញមួយឆ្នាំ២០២៤ នេះ មានរឿងអកុសលច្រើនណាស់។ ខ្ញុំចង់និយាយពាក្យសុំអភ័យទោស ចំពោះប្រជាជននៃរដ្ឋនេះ ចំពោះអ្វីដែលកំពុងកើតឡើង។ មនុស្សជាច្រើន បានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។ មនុស្សជាច្រើន បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ ខ្ញុំមានអារម្មណ៍សោកស្តាយ ហើយខ្ញុំសូមអភ័យទោស»។
ការវាយប្រហារ និងការសម្លាប់កើតឡើងម្ដងម្កាល នៅតែត្រូវបានរាយការណ៍បន្ត ប៉ុន្តែលោក Singh បាននិយាយថា កិច្ចខិតខំប្រឹងប្រែងសន្តិភាព បានរីកចម្រើនខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយលោកជឿជាក់ថា ភាពប្រក្រតីនឹងត្រលប់មកវិញនៅក្នុងឆ្នាំថ្មី៕