គេហទំព័រអ៊ីនធឺណេតនៃទីក្រុងជាច្រើនរបស់ប្រទេសបារាំង និងយ៉ាងហោចណាស់នាយកដ្ឋានមួយ មិនអាចចូលដំណើរការបាននោះទេ កាលពីថ្ងៃអង្គារ (ទី៣១ ខែធ្នូ) បន្ទាប់ពីក្រុមចោរព័ត៌មានវិទ្យា បានអះអាងពីការវាយប្រហារដែលពួកគេពិពណ៌នាថា ជាការសងសឹកចំពោះការគាំទ្ររបស់បារាំង ចំពោះអ៊ុយក្រែន។
នៅវេលាម៉ោង ១៦ ម៉ោងសកល គេហំព័រនៅទីក្រុង Marseille និង Tarbes ត្រូវបានបិទ ក៏ដូចជាគេហទំព័ររបស់នាយកដ្ឋាន Haute-Garonne ដែរ។ ការវាយប្រហារនេះត្រូវបានអះអាង នៅលើបណ្ដាញសង្គម X ដោយក្រុមចោរព័ត៌មានវិទ្យ ដែលហៅខ្លួនឯងថា NoName ជាក្រុមដែលគេស្គាល់រួចហើយ សម្រាប់ការវាយប្រហារផ្សេងទៀត និងសម្រាប់ការពារទស្សនៈរបស់រុស្ស៊ី។
នៅលើគណនីបណ្ដាញ X របស់ពួកគេ ក្រុមនេះបានអះអាងថា បានវាយប្រហារគេហទំព័រនៃទីក្រុងជាច្រើន Nantes, Bordeaux, Poitiers, Pau, Nimes, Nice, Angers, Le Havre និង Montpellier ក៏ដូចជានាយកដ្ឋាននៃទីក្រុង Les Landes, French Polynesia និង New Caledonia (ញូវវ៉ែល កាលេដូនី) ប៉ុន្តែគេហទំព័រទាំងអស់ នៅតែដំណើរការកាលពីថ្ងៃទី៣១ ខែធ្នូ៕