ក្រុមមន្ត្រីទីក្រុងគីវ បាននិយាយថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយយានដ្រូនលើរដ្ឋធានីរបស់អ៊ុយក្រែន នៅព្រឹកថ្ងៃពុធ (ទី១ ខែមករា) នេះ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់រងរបួស និងបង្កការខូចខាតដល់អគារ នៅក្នុងសង្កាត់ចំនួន២។
សំឡេងផ្ទុះបានលាន់យ៉ាងកងរំពងពាសពេញផ្ទៃមេឃ នាពេលព្រឹក ខណៈដែលកងកម្លាំងដែនអាកាសរបស់អ៊ុយក្រែន បានព្រមានអំពីយានដ្រូនដែលចូលទៅកៀកនឹងទីក្រុង ហើយអភិបាលក្រុង លោក Vitali Klitschko បាននិយាយថា ប្រព័ន្ធការពារដែនអាកាសកំពុងប្រយុទ្ធទប់ស្កាត់ការវាយប្រហាររបស់សត្រូវ។
លោក Klitschko បានប្រាប់ទៀតថា អគារលំនៅឋានកម្ពស់ ២ជាន់ ត្រូវបានបំផ្លាញដោយផ្នែក ដោយសារការវាយប្រហារនេះ។ រូបថតដែលបង្ហោះដោយសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បានបង្ហាញឲ្យឃើញក្រុមអ្នកពន្លត់អគ្គិភ័យ បានពន្លត់អណ្ដាតភ្លើងនៅជ្រុងនៃអគារមួយខ្នង និងជួយជនរងគ្រោះដែលមានវ័យចំណាស់។
លោក Klitschko បានបន្ថែមថា បំណែកយនដ្រូន ក៏បានបំផ្លាញអគារមិនមែនលំនៅឋាន នៅក្នុងសង្កាត់មួយផ្សេងទៀត។
តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X ភ្លាមៗ បន្ទាប់ពីការវាយប្រហារ នៅព្រឹកនេះ លោក Yulia Svyrydenko ឧបនាយករដ្ឋមន្ត្រីទីមួយរបស់អ៊ុយក្រែន បានសរសេរថា៖ «នេះគឺជាការរំលឹកមួយទៀតដល់ពិភពលោកថា ការលុកលុយរបស់រុស្ស៊ីមិនដឹងពីថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យអ្វីឡើយ»។
យោធារបស់ទីក្រុងគីវ បានប្រាប់ឲ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួន ៦៣គ្រឿង ក្នុងចំណោមយានដ្រូន ១១១គ្រឿង ដែលរុស្ស៊ីបានបាញ់បង្ហោះពេញមួយយប់ នៅទូទាំងតំបន់ផ្សេងៗរបស់អ៊ុយក្រែន។ យោធាបានបន្ថែមថា ៤៦គ្រឿងផ្សេងទៀត បានធ្លាក់ដោយសារត្រូវបានធ្វើឲ្យគាំងគ្រឿងអេឡិចត្រូនិក៕

