ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ISNA របស់អ៊ីរ៉ង់ បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ គឺលោក Kazem Gharibabadi ដែលបាននិយាយកាលពីថ្ងៃពុធ (ទី១ ខែមករា) នេះថា កិច្ចចរចានុយក្លេអ៊ែរបន្ទាប់ រវាងអ៊ីរ៉ង់ និងប្រទេសអឺរ៉ុបចំនួន៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
គួររំលឹកថា អ៊ីរ៉ង់បានពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់ខ្លួននេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់។
ការពិភាក្សាទាំងនោះ ដែលជាលើកដំបូង គិតចាប់តាំងពីការបោះឆ្នោត នៅសហរដ្ឋអាមេរិក បានកើតឡើងបន្ទាប់ពីទីក្រុងតេអេរ៉ង់ ក្រេវក្រោធនឹងដំណោះស្រាយគាំទ្រដោយអឺរ៉ុប ដែលបានចោទប្រកាន់អ៊ីរ៉ង់ថា មានកិច្ចសហប្រតិបត្តិការមិនល្អជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។
ទីក្រុងតេអេរ៉ង់ បានប្រតិកម្មចំពោះដំណោះស្រាយនេះ ដោយជូនដំណឹងដល់អង្គការឃ្លាំមើល IAEA (ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ) ថា ខ្លួនគ្រោងនឹងដំឡើងឧបករណ៍ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបន្ថែមទៀត នៅរោងចក្រចម្រាញ់របស់ខ្លួន។
ក្នុងឆ្នាំ២០១៨ ពេលនោះជាសម័យកាលរបស់រដ្ឋបាលលោក Donald Trump បានចាកចេញពីកតិកាសញ្ញានុយក្លេអ៊ែរឆ្នាំ២០១៥ របស់អ៊ីរ៉ង់ ជាមួយមហាអំណាចចំនួន៦ ហើយបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើអ៊ីរ៉ង់ ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់ បំពានលើការដាក់កម្រិតនុយក្លេអ៊ែររបស់កតិកាសញ្ញានេះ ដោយមានចំណាត់ការផ្សេងៗ ដូចជាការកសាងឃ្លាំងស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់ឡើងវិញ ធ្វើឲ្យកម្រិតសុទ្ធខ្ពស់ជាងមុន និងដំឡើងម៉ាស៊ីនបំបែកធាតុកម្រិតខ្ពស់ ដើម្បីបង្កើនល្បឿនទិន្នផល។
ទីក្រុងតេអេរ៉ង់ បានបដិសេធម្ដងហើយម្ដងទៀតថា មិនបានស្វះស្វែងការបង្កើតអាវុធនុយក្លេអ៊ែរទេ ហើយនិយាយថា កម្មវិធីរបស់ខ្លួន មានសន្តិភាព៕