មនុស្ស ១០នាក់ បានបាត់បង់ជីវិត ហើយ ៣០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីរថយន្ត ១គ្រឿង បានបើកបុកហ្វូងមនុស្ស នៅទីក្រុង New Orleans សហរដ្ឋអាមេរិក នាថ្ងៃពុធ (ទី១ ខែមករា) នេះ។
ទីភ្នាក់ងារ NOLA Ready ដែលជាយុទ្ធនាការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់របស់ទីក្រុងនេះ បានពណ៌នាឧបទ្ទវហេតុ នៅផ្លូវ Canal Street និង Bourbon Street នេះថា ជា «ឧបទ្ទវហេតុបង្កឲ្យមានមនុស្សស្លាប់ និងរបួសច្រើន»។
ហើយទីភ្នាក់ងារសាធារណៈមួយនេះ បានឲ្យដឹងថា៖ «ដៃគូសុវត្ថិភាពសាធារណៈនានា កំពុងឆ្លើយតប នៅកន្លែងកើតហេតុ»។ ទីភ្នាក់ងារនេះបានបង្ហោះលើបណ្តាញសង្គមជំរុញអ្នកដែលនៅក្បែរនោះ «ចេញឲ្យឆ្ងាយពីតំបន់នេះ»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ BBC អ្នកនាំពាក្យនគរបាលទីក្រុង New Orleans បាននិយាយថា របាយការណ៍ដំបូងបង្ហាញថា រថយន្តមួយគ្រឿង ប្រហែលជាបានបុកចូលហ្វូងមនុស្សមួយក្រុមយ៉ាងពេញទំហឹង នាព្រឹកព្រលឹមថ្ងៃចូលឆ្នាំថ្មីនេះ៕


