ប្រទេសអាល្លឺម៉ង់បានធ្លាក់ក្នុងភាពចលាចលឆ្នាំថ្មី បន្ទាប់ពីមនុស្ស ៥ នាក់បានស្លាប់ដោយការបាញ់កាំជ្រួចភ្ញី និង មនុស្ស៤០០ នាក់ត្រូវបានចាប់ខ្លួន ខណៈក្រុមកុបករ បានបង្កភាពចលាចលនៅទូទាំងប្រទេស។

ស្របពេលអ្នកដើរលេងបុណ្យឆ្លងឆ្នាំនៅទូទាំងប្រទេសជាប្រពៃណីចាប់ផ្ដើមអបអរដោយការបាញ់កាំជ្រួចភ្ញីជាច្រើនកន្លែងនៅទីសាធារណៈនានា ការប្រារព្ធពិធីនាពេលរាត្រីនោះ ត្រូវបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដោយការប្រើកាំជ្រួចភ្ញីទៅលើក្រុមមន្ត្រីសង្គ្រោះបន្ទាន់។
ក្នុងចំណោមអ្នកស្លាប់មានបុរសអាយុ ២៤ ឆ្នាំម្នាក់ដែលបានស្លាប់ដោយសារកាំជ្រួចផលិតក្នុងស្រុកដែលត្រូវបានគេជឿថាបានផ្ទុះមុនពេលកំណត់នៅជិតតំបន់ Paderborn ក្នុងរដ្ឋ North Rhine-Westphalia។នគរបាល ជឿថាជនរងគ្រោះ បានកែច្នៃកាំជ្រួចភ្ញីនេះដោយខ្លួនឯង។

នៅទីក្រុងប៊ែរឡាំង មន្ត្រីនគរបាល ៣០ នាក់ និងអ្នកពន្លត់អគ្គិភ័យម្នាក់បានរងរបួសនៅក្នុងការប្រឈមដាក់គ្នា ឬការវាយប្រហារក្នុងអំឡុងថ្ងៃចូលឆ្នាំសកល ដែលនាំឱ្យមានការចាប់ខ្លួនមនុស្សរហូតដល់៤០០នាក់។
នៅទីក្រុង Munich មនុស្សចន្លោះពី២០០ ទៅ៣០០នាក់ ដែលត្រូវបានគេសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមឆ្វេងនិយម បានវាយប្រហារមន្រ្តីនគរបាល ខណៈកំពុងធ្វើកុបកម្ម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានថ្កោលទោសក្រុមកុបករ និងបាននិយាយថា ពួកគេទាំងនោះនឹងត្រូវនាំមកផ្ដន្ទាទោស៕