តាកែវ៖ កំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៤ បានចុះឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវលោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី និងមន្ត្រីអាវុធហត្ថ ២នាក់ទៀត យកសួរនាំនៅរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបានប្រាប់ឲ្យដឹងថា ពិតជាមានការឃាត់ខ្លួនមន្រ្តីអាវុធហត្ថ៣នាក់ពិតប្រាកដមែន។ ហើយកំពុងតែសួរនាំនៅអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេសបានថ្លែងឲ្យដឹងថា ករណីនេះមិនមែនជាការឃាត់ខ្លួននោះទេ តែជាការស្រាវជ្រាវ និងហៅមកសួរនាំដើម្បីអនុវត្តន៍ទៅតាមនិតិវិធីតែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសមិនបានប្រាប់ថាគេហៅមកសួរនាំនេះពាក់ព័ន្ធរឿងអ្វីនោះទេដោយលោកបានថ្លែងថា «នៅពេលសួរនាំរួចហើយយើងនិងចេញសេចក្ដីប្រកាសព័ត៌មាននេះ»។
បើយោងតាមប្រភពខ្លះសុំមិនបញ្ចេញឈ្មោះ ការឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវលោក ង៉ែត ចាន់ធី និងមន្ត្រីអាវុធហត្ថពីរនាក់ទៀតយកទៅសួរនាំនៅពេលនេះ អាចពាក់ព័ន្ធទៅនិងករណីគ្រឿងញៀន ព្រោះលោកធ្លាប់កាន់តំណែងជាមេបញ្ជាការរងទទួលផែនស្រាវជ្រាវនិងបង្ក្រាបបទល្មើសជាច្រើនឆ្នាំមុន និងផ្លាស់មកកាន់តួនាទីជាមេបញ្ជាការរងទទួលផែនប្រតិបត្តិការ ហើយកន្លងមកក៏មានការឃាត់ខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវផងដែរពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀនប្រមាណមួយតោន៕
