នគរបាលបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ នៅក្នុងការបាញ់ប្រហារនៅទីក្រុងតូចមួយរបស់ប្រទេសម៉ុងតេណេហ្គ្រោ កាលពីថ្ងៃពុធ ជាការសម្លាប់រង្គាលដ៏បង្ហូរឈាមបំផុតមួយរបស់ប្រទេសតំបន់បាល់កង់មួយនេះ។

បុរសអាយុ៤៥ឆ្នាំម្នាក់ ត្រូវបាននគរបាលកំណត់អត្តសញ្ញាណថា ឈ្មោះ Aleksandar Martinovic បានរត់គេចខ្លួនបន្ទាប់ពីមានការបាញ់ប្រហារនៅភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុង Cetinje ជាកន្លែងដែលខ្មាន់កាំភ្លើងរូបនេះ បានសម្លាប់មនុស្ស៤នាក់។

នគរបាលបាននិយាយថា បន្ទប់ពីការបាញ់ប្រហារនៅភោជនីយដ្ឋាន ខ្មាន់កាំភ្លើងបានបន្តទៅកាន់ទីតាំងបីកន្លែងផ្សេងទៀត ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ទៀត រួមមានកុមារពីរនាក់។ ចំណែកមនុស្ស៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរដែលគំរាមកំហែងដល់អាយុជីវិត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Danilo Saranovic បាននិយាយថា ខ្មាន់កាំភ្លើង បានស្លាប់ដោយសាររងរបួសខ្លួនឯងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាត។
កាលពីឆ្នាំ២០២២ នៅក្នុងទីក្រុង Cetinje មនុស្ស១១នាក់រួមមានកុមារពីរនាក់ និងខ្មាន់កាំភ្លើងម្នាក់ បានស្លាប់នៅក្នុងការវាយប្រហារធំមួយ។