ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹងដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រដាសប្រាក់ដុល្លារអាមេរិក ក្លែងក្លាយ ដោយត្រូវពិនិត្យពិច័យឱ្យបានហ្មត់ចត់ មុននឹងទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ខណៈដែលក្រដាសប្រាក់នោះ កំពុងចរាចរនៅកម្ពុជា។
ធនាគារជាតិ នៃកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និង បានជម្រាបជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងសាធារណជនឱ្យបានជ្រាប ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុង ប្រទេសកម្ពុជា, ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ ការចរាចរ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ តាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក។
ជុំវិញបញ្ហានេះ, ធនាគារជាតិនៃកម្ពុជា ស្នើដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិក ជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារ សម្ងាត់អាមេរិកស៊ើបអង្កេតបន្ត។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន ដែលចរាចរក្រដាសប្រាក់ ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិ នៃកម្ពុជា, និងសាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង ពិនិត្យពិច័យឱ្យបានហ្មត់ចត់ មុននឹងទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថា ក្រដាសប្រាក់ដុល្លារ អាមេរិកនោះក្លែងក្លាយសូមផ្ដល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។
បញ្ហានេះ, ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ណែនាំអតិថិជនរបស់ខ្លួនអំពីរបៀបកំណត់ អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយនេះ៕ អត្ថបទ៖ សុន រ៉ាឌី
