ក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ី Gazprom បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយនិយាយថា ក្រុមហ៊ុនបានបញ្ឈប់ការបញ្ជូនឧស្ម័នធម្មជាតិឆ្លងកាត់តាមប្រទេសអ៊ុយក្រែន។

ឧស្ម័នរបស់រុស្ស៊ី ត្រូវបានបង្ហូរទៅកាន់សហភាពអឺរ៉ុបតាមប្រទេសអ៊ុយក្រែន ទោះបីជាការវាយលុករបស់រុស្ស៊ីទៅលើប្រទេសនេះក្នុងឆ្នាំ២០២២ ក៏ដោយ។
ក្រុមហ៊ុន Gazprom បានស្តីបន្ទោសការបញ្ឈប់នេះ លើប្រទេសអ៊ុយក្រែនសម្រាប់ការបដិសេធមិនបន្តកិច្ចព្រមព្រៀងបញ្ជូនឧស្ម័ន។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន និយាយថា «ក្រុមហ៊ុន Gazprom ត្រូវបានដកហូតនូវលទ្ធភាពបច្ចេកទេស និងផ្លូវច្បាប់ នៃការផ្គត់ផ្គង់ឧស្ម័នសម្រាប់ការបញ្ជូនឆ្លងកាត់នៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
អ៊ុយក្រែន បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានបញ្ឈប់ការបញ្ជូនឧស្ម័នពីប្រទេសរុស្ស៊ី។ ទីក្រុងគីវ ធ្លាប់បានប្រកាសថា ខ្លួននឹងបដិសេធមិនបន្តកិច្ចសន្យា និងកាត់ផ្តាច់លំហូរឧស្ម័នឆ្លងកាត់ប្រទេសអ៊ុយក្រែន ដើម្បីរារាំងប្រភពចំណូលសម្រាប់ទីក្រុងមូស្គូ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានដកស្រង់សម្តីអ្នកជំនាញដែលស្នើឱ្យបង្កើនការបញ្ជូនឧស្ម័នឆ្លងកាត់ប្រទេសទួរគី និងប្រទេសប៊ុលហ្គារី ដែលអាចធ្វើឲ្យមានតុល្យភាពដោយផ្នែកនៃការកាត់ផ្តាច់របស់អ៊ុយក្រែន។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថាក្រុមហ៊ុននាំចូល នឹងត្រូវបង់ថ្លៃខ្ពស់ជាងមុន សម្រាប់ផ្លូវបញ្ជូនជំនួសនេះ។