ភ្លៀងធ្លាក់ខ្លាំងកាលពីពេលយប់ បានបង្កឱ្យជន់លិចផ្លូវនានាក្នុងទីក្រុង Manchester ភាគខាងជើងដែនដីអង់គ្លេស កាលពីថ្ងៃពុធ ទី១ ខែមករា ដោយរថយន្តមួយចំនួនលិចក្នុងទឹកជំនន់ ត្រូវបានបោះបង់ចោល នៅទីនោះ។

រូបភាពពីយានដ្រូន បានបង្ហាញរថយន្តច្រើនគ្រឿងដែលត្រូវបានគេបោះបង់ចោល បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ខណៈបុគ្គលិកក្រុមប្រឹក្សាតំបន់ ត្រូវបានគេមើលឃើញថា កំពុងព្យាយាមបើកផ្លូវបង្ហូរទឹក។
ការិយាល័យធនធានទឹក និងឧតុនិយម បាននិយាយឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន អាចមានកម្រិតទឹកភ្លៀងធ្លាក់រហូតដល់ជាង ១០សង់ទីម៉ែត្រ។
យោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា មនុស្សជាច្រើនបានជាប់នៅក្នុងប្លុកផ្ទះល្វែងដោយគ្មានទឹកម៉ាស៊ីនប្រើប្រាស់ ខណៈភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់ និងមានភាពវឹកវរក្នុងការធ្វើដំណើរ ឆ្លងកាត់ភាគពាយព្យ។
នគរបាលបាននិយាយថា ឧបទ្ទវហេតុធំមួយត្រូវបានប្រកាស ក្នុងការឆ្លើយតបទៅនឹងទឹកជំនន់នេះ។