ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០២ មករា) នេះថា អាជ្ញាធរត្រូវពន្លឿនការត្រួតពិនិត្យពិសេសនៃយន្តហោះ Boeing 737-800 ទាំងអស់ដែលប្រតិបត្តិការនៅក្នុងប្រទេស ហើយត្រូវតែចាត់វិធានការជាបន្ទាន់បើរកឃើញថាមានបញ្ហាណាមួយ ខណៈសមត្ថកិច្ចបង្កើនការស៊ើបអង្កេតលើសោកនាដកម្មធ្លាក់យន្តហោះដ៏អាក្រក់កាលពីថ្ងៃអាទិត្យ។

លោក Choi បានប្រាប់កិច្ចប្រជុំគ្រប់គ្រងគ្រោះមហន្តរាយថា ការបំប្លែងទិន្នន័យពីម៉ាស៊ីនថតសំឡេងរបស់យន្តហោះ Jeju Air ជើងហោះហើរ 7C2216 ទៅជាឯកសារអូឌីយ៉ូ នឹងបញ្ចប់ត្រឹមថ្ងៃសុក្រស្អែកនេះ ហើយអាចផ្តល់ព័ត៌មានសំខាន់ៗអំពីនាទីចុងក្រោយមុនពេលធ្លាក់យន្តហោះ។

អ្នកដំណើរទាំង ១៧៥នាក់ និងបុគ្គលិក ៤នាក់ក្នុងចំណោម ៦នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ និង ២នាក់ត្រូវសង្រ្គោះ ខណៈយន្តហោះ Jeju Air ជួបគ្រោះថ្នាក់នៅពេលចុះចតបន្ទាន់ ដោយធ្លាក់ពីផ្លូវរត់រួចផ្ទុះឆេះបន្ទាប់ពីបុកជញ្ជាំងនៅអាកាសយានដ្ឋានអន្តរជាតិ Muan ភាគនិរតីកូរ៉េខាងត្បូង។

សំណួររបស់អ្នកជំនាញផ្នែកសុវត្ថិភាពអាកាសអំពីមូលហេតុអ្វីដែលនាំឱ្យមានការផ្ទុះដ៏ខ្លាំងក្លា បានផ្តោតទៅលើជញ្ជាំងទំនប់នៅព្រលាន Muan នោះដែលពួកគេនិយាយថា ប្រហែលជាសាងសង់ជិតចុងនៃផ្លូវរត់ខ្លាំងពេក៕