ក្រុមស៊ើបអង្កេតកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធ (០១ មករា) ថា ពួកគេនឹងអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ត្រឹមថ្ងៃផុតកំណត់នៅថ្ងៃទី០៦ ខែមករា ដើមសប្ដាហ៍ក្រោយ ខណៈអ្នកគាំទ្រមេដឹកនាំដែលត្រូវចោទប្រកាន់ទម្លាក់តំណែងរូបនេះ បានប្រមូលផ្តុំគ្នានៅខាងក្រៅនិវេសនដ្ឋានរបស់លោក។

ក្រុមអ្នកគាំទ្រ និងប្រឆាំងលោកប្រធានាធិបតី Yoon ដែលត្រូវផ្អាកពីតំណែង ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកកាលពីខែមុន បោះជំរំតវ៉ានៅខាងក្រៅបរិវេណលំនៅឋានដែលលោកសម្ងំនៅខាងក្នុងនោះអស់ជាច្រើនសប្តាហ៍ ដោយរារាំងកិច្ចប្រឹងប្រែងរបស់អ្នកស៊ើបអង្កេតក្នុងការចូលទៅសាកសួរលោក។

ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) បានស្នើសុំដីកាចាប់ខ្លួន បន្ទាប់ពីលោក Yoon ខកខានមិនបង្ហាញខ្លួនក្នុងការសួរនាំតាមនីតិវិធីជាលើកទី៣ ប៉ុន្តែគេមិនច្បាស់ថាតើពួកគេអាចអនុវត្តដីកាបានដែរឬទេ ដោយសារសេវាសន្តិសុខប្រធានាធិបតី ពីមុនធ្លាប់បដិសេធមិនធ្វើតាមដីកាឆែកឆេរ។

លោក Yoon នៅតែរឹងរូស ហើយកាលពីល្ងាចថ្ងៃពុធ ហាក់បង្ហើបថា លោកនឹងបដិសេធមិនប្រគល់ខ្លួន នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចែករំលែកជាមួយអ្នកគាំទ្រនៅខាងក្រៅនិវេសនដ្ឋានទីក្រុងសេអ៊ូលរបស់ខ្លួន។ ក្រុមមេធាវីរបស់លោក Yoon បានដាក់សំណើរារាំងដីកាចាប់ខ្លួន ហើយបានអះអាងកាលពីថ្ងៃពុធថា ដីកានោះគឺជា "ទង្វើខុសច្បាប់ និងពុំមានសុពលភាពនោះទេ"៕