ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងលោក Yoon Suk Yeol បានប្រកាសកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកនឹងតស៊ូដល់ទីបញ្ចប់ដើម្បីការពារប្រទេសក្នុងសារមួយទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកដែលបានប្រមូលផ្តុំនៅមុខគេហដ្ឋានប្រធានាធិបតីរបស់លោកក្នុងទីក្រុងសេអ៊ូល។

លោក Yoon ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Yonhap ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលថា ដោយសារតែកម្លាំងខាងក្នុង និងខាងក្រៅ រំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងសកម្មភាពរបស់ក្រុមប្រឆាំងរដ្ឋ ពេលនេះកូរ៉េខាងត្បូងកំពុងស្ថិតក្នុងគ្រោះថ្នាក់ ។

លោកថា នៅជាមួយអ្នក ខ្ញុំនឹងតស៊ូដល់ទីបញ្ចប់ដើម្បីការពារប្រទេសនេះ។
ប្រព័ន្ធផ្សព្វផ្សាយខាងលើបានរាយការណ៍ថាលោកបានផ្ញើសារទៅកាន់ក្រុមអ្នកគាំទ្រតាមរយៈអន្តរការីមួយដែលត្រូវបានសរសេរនៅលើសន្លឹកក្រដាសA4 និងចុះហត្ថលេខាដោយរូបលោក។
ក្នុងសារនោះ លោកបានអរគុណដល់ក្រុមអ្នកគាំទ្ររបស់លោក ហើយបានលើកឡើងថាលោកបានធ្វើតាម "ការខិតខំ" របស់ពួកគេនៅលើការផ្សាយផ្ទាល់ឆាណែល YouTube ។

លោកថ្លែងថា លទ្ធិប្រជាធិបតេយ្យសេរី ដែលគ្រប់ជាតិសាសន៍ជាម្ចាស់ មិនមែនរដ្ឋ ឬបក្សទេនោះប្រាកដជាមានជ័យជម្នះ។
នៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ តុលាការក្រុងសេអ៊ូលខាងលិច បានចេញដីកាចាប់ខ្លួនមិនធ្លាប់មាន លើលោក Yoon ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងកាលពីថ្ងៃទី ១៤ ខែធ្នូ ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹរយៈពេលខ្លីរបស់លោក៕