រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានចេញការព្រមានខ្លាំងៗកាលពីថ្ងៃពុធ ដោយបញ្ជាក់ថា អ៊ីស្រាអែល នឹងបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ប្រសិនបើក្រុមហាម៉ាស មិនយល់ព្រមលើកិច្ចព្រមព្រៀងសម្រាប់ការដោះលែងចំណាប់ថ្នូរ ឲ្យបានឆាប់។

នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ លោក បាននិយាយថា ប្រសិនបើក្រុមហាម៉ាសមិនព្រមដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ក្រុមនេះនឹងប្រឈមការវាយប្រហារដ៏ខ្លាំងក្លាដែលពុំធ្លាប់បានឃើញនៅក្នុងតំបន់ហ្កាហ្សារយៈពេលជាយូរមក។ លោក បានសង្កត់ធ្ងន់ថា យោធារបស់អ៊ីស្រាអែល «បង្កើន និងពង្រឹង» កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្កាហ្សា រហូតដល់ចំណាប់ថ្នូរ ត្រូវបានដោះលែង ហើយក្រុមហាម៉ាសត្រូវបាន «កម្ចាត់»។
ការចរចា ដែលត្រូវបានសម្របសម្រួលដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ត្រូវបានជាប់គាំងជុំវិញបញ្ហាសំខាន់ៗជាច្រើន រួមទាំងការបន្តបទឈប់បាញ់។

ក្រុមហាម៉ាស បានព្យាយាមអូសបន្លាយពេលបទឈប់បាញ់ ខណៈអ៊ីស្រាអែលទទូចលើសិទ្ធិក្នុងការបន្តសកម្មភាពយោធា ប្រសិនបើខ្លួនយល់ថា មានការគំរាមកំហែងផ្នែកសន្តិសុខ។ ចំណុចមួយទៀតនៃការខ្វែងគំនិតគ្នា គឺការទាមទាររបស់ក្រុមហាម៉ាស សម្រាប់ការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលប្រឆាំង ដោយអះអាងពីតម្រូវការសម្រាប់ការបន្តវត្តមានយោធា ដើម្បីរក្សាការគ្រប់គ្រងសន្តិសុខ។
ការវាយលុកជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានធ្វើឲ្យប៉ះពាល់យ៉ាងមហន្តរាយលើតំបន់ហ្កាហ្សាស្ទ្រីប បណ្តាលឱ្យមានការបំផ្លិចបំផ្លាញ ភាពអត់ឃ្លាន និងជំងឺរាលដាល ហើយបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់៤៥.៥៤០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា។