ប្រជាជននៅប្រទេសយេម៉ែន បានប្តេជ្ញាថា នឹងបន្តគាំទ្រឥតងាករេសម្រាប់តំបន់ហ្កាហ្សា និងពលរដ្ឋប៉ាឡេស្ទីនក្នុងឆ្នាំថ្មីនេះ ទោះបីជាមានការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះដោយសហរដ្ឋអាមេរិក លើទីក្រុងសាណា និងតំបន់ឆ្នេរ នៅក្នុងប្រទេសយេម៉ែន ក៏ដោយ។

អ្នកនាំពាក្យក្រុមហ៊ូទីនៅប្រទេសយេម៉ែន លោក Mohammed Abdulsalam បាននិយាយថា ប្រទេសនេះនឹងបន្តការពារខ្លួន បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកជាច្រើនលើក ទៅលើគោលដៅនានាក្នុងរដ្ឋធានីសាណា។
ក្រុមហ៊ូទីរបស់ប្រទេសយេម៉ែន បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូន MQ-9 របស់សហរដ្ឋអាមេរិក នៅក្នុងដែនអាកាសនៃខេត្ត Marib ដែលសម្បូរប្រេង។
យោធាអាមេរិក បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារទៅលើគោលដៅរបស់ក្រុមហ៊ូទី នៅក្នុងទីក្រុងសាណា និងទីតាំងច្រើនកន្លែងនៃតំបន់ឆ្នេរក្នុងប្រទេសយេម៉ែន កាលពីថ្ងៃដើមសប្តាហ៍នេះ។

ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បាននិងកំពុងវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហម រយៈពេលជាងមួយឆ្នាំមកហើយ ដើម្បីព្យាយាមរារាំងអ៊ីស្រាអែល ដោយនិយាយថាពួកគេកំពុងមានចំណាត់ការក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។