ក្រុមគ្រួសារជាច្រើននៅក្នុងទីក្រុង Guayaquil ប្រទេសអេក្វាឌ័រ បានកាន់ទុក្ខចំពោះការបាត់បង់អនីតិជនចំនួន៤នាក់ដែលត្រូវបានសម្លាប់ ខណៈអនីតិជនទាំង៤នាក់ ត្រូវបានបញ្ចុះ។

ការរកឃើញសាកសពដ៏សោកសង្រេង ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាក្មេងប្រុសបាត់ខ្លួនបានធ្វើឱ្យមានការតវ៉ាជាសាធារណៈ។ ករណីនេះ បានបង្កឱ្យមានកំហឹងនៅទូទាំងប្រទេសអេក្វាឌ័រ ដោយក្រុមអ្នកតវ៉ា នៅក្នុងរដ្ឋធានី Quito និងនៅទីក្រុងផ្សេងទៀត ទាមទារចម្លើយអំពីអ្វីដែលបានកើតឡើងចំពោះកុមារទាំងនេះ។

ការជាប់ពាក់ព័ន្ធរបស់យោធា នៅក្នុងការបាត់ខ្លួនរបស់ពួកគេ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ដោយបុគ្គលិកយោធាចំនួន១៦នាក់ ត្រូវបានឃុំខ្លួន សម្រាប់ការស៊ើបអង្កេត។
ក្មេងប្រុសទាំង៤នាក់ មានអាយុចន្លោះពី១១ ទៅ១៥ឆ្នាំ បានបាត់ខ្លួនពីទីក្រុង Las Malvinas កាលពីថ្ងៃទី៨ ខែធ្នូ ដែលតាមសេចក្តីរាយការណ៍ គឺបន្ទាប់ពីបានទៅលេងបាល់ទាត់។
មេបញ្ជាការកងកម្លាំងទ័ពអាកាស លោក Celiano Cevallos បាននិយាយថា យុវជនទាំងនេះត្រូវបានគេឃុំឃាំងក្នុងលក្ខណៈដែល «មិននឹកស្មានដល់» ។