រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយបានចេញផ្សាយដោយសារព័ត៌មានអ៊ីរ៉ង់ កាលពីថ្ងៃពុធ (០១ មករា) ថា ទីក្រុងតេអេរ៉ង់ មានឆន្ទៈក្នុងការពិភាក្សាអំពីកិច្ចចរចាទាក់ទងនឹងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក ប្រសិនបើភាគីទាក់ទងគ្នាដោយការគោរព។

ជាមួយគ្នានេះ លោកក៏ព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក ប្រើយុទ្ធសាស្ត្រកាលពីមុននៃការដាក់សម្ពាធលើអ៊ីរ៉ង់ ដូចដែលខ្លួនធ្លាប់បានធ្វើនៅក្នុងអាណត្តិដំបូងរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump នោះ "អ៊ីរ៉ង់ក៏នឹងឆ្លើយតបយ៉ាងខ្លាំងក្លាដូចគ្នាដែរ"។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times បានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា រដ្ឋបាលថ្មីរបស់លោក Trump បានប្រកាសពីផែនការដើម្បីស្ដារឡើងវិញនូវយុទ្ធសាស្ត្រ "សម្ពាធអតិបរមា" របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ដោយផ្តោតលើស្ថិរភាពសេដ្ឋកិច្ចរបស់ទីក្រុងតេអេរ៉ង់ និងសមត្ថភាពរបស់ខ្លួនក្នុងការគាំទ្រក្រុមសកម្មប្រយុទ្ធ និងការអភិវឌ្ឍនុយក្លេអ៊ែរ។

អ៊ីរ៉ង់ តែងព្រមានជាញឹកញាប់ថា ការអនុវត្តម្ដងទៀតនៃគោលនយោបាយបែបនេះរបស់អាមេរិក នឹងត្រូវបរាជ័យ ដូចដែលធ្លាប់កើតឡើងកាលអាណត្តិទីមួយរបស់លោក Trump ហើយអ៊ីរ៉ង់ បើកចំហលើកិច្ចចរចាលុះត្រាតែមានលក្ខខណ្ឌស្មើភាពគ្នាប៉ុណ្ណោះ៕