ប្រជាជននៅក្នុងទីក្រុង Port Sudan នៃរដ្ឋ Red Sea នៅភាគខាងកើតប្រទេសស៊ូដង់ កំពុងជួបវិបត្តិទឹកទទួលទានធ្ងន់ធ្ងរ បន្ទាប់ពីការបាក់ទំនប់ Arbaat កាលពីខែសីហា និងលំហូរជនប្រជាជន ភៀសខ្លួនចេញពីសង្រ្គាមស៊ីវិល ដែលកំពុងនៅបន្ត។

រទេះដែលអូសដោយសត្វ បានលេចចេញជាថ្មីនៅតាមដងផ្លូវនានានៅទីក្រុងឆ្នេរ ដោយដឹកជញ្ជូនទឹកអាចប្រើប្រាស់បាន ពីប្រភពទឹកមានកំណត់ មានចម្ងាយ២០គីឡូម៉ែត្រភាគខាងជើងទីក្រុង Port Sudan សម្រាប់គ្រួសារ និងអាជីវកម្ម។
ការបាក់ទំនប់ទឹក Arbaat ដែលកាលពីពេលមុន ជាប្រភពទឹកសាបដ៏សំខាន់របស់ទីក្រុង បានបណ្តាលឱ្យតម្លៃទឹកហក់ឡើងលើសពីទ្វេដង។ ក្រុមហ៊ុន Mustafa Hamad ដែលជាក្រុមហ៊ុនដឹកជញ្ជូនទឹកក្នុងស្រុកបាននិយាយថា ធុងទឹកចំណុះ២២០លីត្រ បច្ចុប្បន្ននេះមានតម្លៃ២៥.០០០ ផោនស៊ូដង់ (ប្រហែល១០ដុល្លារអាមេរិក) ក្នុងមួយធុង។

ខណៈតម្រូវការអ្នកដឹកជញ្ជូនទឹក បានកើនឡើង អ្នកដែលមានអាជីវកម្មប្រឈមបញ្ហាក្នុងការផ្គត់ផ្គង់ទឹក។ អ្នកដឹកជញ្ជូនទឹក លោក Hamad បាននិយាយថា «ជាញឹកញាប់ យើងត្រឡប់ពីស្ថានីយ៍វិញ ដោយដៃទទេ ហើយអ្នកស្រុកមិនជឿយើងនោះទេ។ ពេលខ្លះ ខ្ញុំត្រូវបើកធុង ដើម្បីបង្ហាញថា វាមាតែធុងទទេប៉ុណ្ណោះ»។
រោងចក្របន្សុតទឹក បានផ្តល់ជំនួយសង្គ្រោះមួយចំនួន ដោយបំពេញតម្រូវការទឹកដែលអាចប្រើប្រាស់បានប្រចាំថ្ងៃនៅទីក្រុង Port Sudan ។ ទោះជាយ៉ាងណា ប្រតិបត្តិកររោងចក្រកំពុងជួបបញ្ហាជាមួយនឹងការកើនឡើងការចំណាយផ្នែកផលិតកម្ម ហើយការធ្វើប្រព្រឹត្តកម្មទឹក មានតម្លៃថ្លៃ។
ដោយការដាច់ចរន្តអគ្គិសនីនៅតែបន្ត យើងពឹងផ្អែកជាចម្បងលើម៉ាស៊ីនភ្លើង ប្រើប្រាស់ប្រេងឥន្ធនៈច្រើន ដែលនាំឱ្យការចំណាយកាន់តែខ្ពស់។ វិបត្តិនេះ បានបង្ខំឱ្យអ្នកស្រុកមួយចំនួនងាកទៅរកទឹកប្រៃ និងទឹកមិនស្អាត ជាជម្រើសដែលនាំឱ្យកើតមានបញ្ហាសុខភាព។