មនុស្សម្នាជាច្រើនដែលចូលរួមអបអរពិធីឆ្លងឆ្នាំថ្មី នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក បានបង្កភាពចលាចលយ៉ាងវឹកវរដោយការដុតរថយន្តជាច្រើនគ្រឿង ហើយគប់គ្រាប់បែកសាំងដាក់ភ្នាក់ងារសេវាសង្គ្រោះបន្ទាន់ កាលពីល្ងាចថ្ងៃអង្គារ ៣១ ធ្នូ ខណៈទីក្រុងនេះប្រឈមនឹងរលកនៃភាពមិនប្រក្រតីនៅថ្ងៃឆ្លងឆ្នាំសកល។

ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា នគរបាលបានចាប់ខ្លួនមនុស្ស ១៥៩នាក់ នៅរដ្ឋធានីបែលហ្ស៊ិកមួយនេះនៅចន្លោះម៉ោង ៦ ល្ងាច ថ្ងៃអង្គារ និងម៉ោង ៧ ព្រឹកថ្ងៃពុធ ០១ មករា (ម៉ោងក្នុងស្រុក) ហើយបានឆ្លើយតបទៅនឹងឧប្បត្តិហេតុជាង ១.៧០០ករណី នៅទូទាំងទីក្រុង។ ចលាចលភាគច្រើនបានកើតឡើងនៅក្នុងតំបន់ភាគខាងលិច និងភាគខាងត្បូងនៃទីក្រុងព្រុចសែល។
នាយកដ្ឋានពន្លត់អគ្គិភ័យព្រុចសែល និយាយថា យ៉ាងហោចណាស់មានរថយន្តចំនួន ៦០ គ្រឿងត្រូវបានដុត ដោយក្រុមអគ្គិភ័យ ដែលព្យាយាមពន្លត់អណ្ដាតភ្លើងកំពុងឆាបឆេះ រងការគប់ដុំថ្ម និងគ្រាប់បែកសាំង ដោយបង្ខំឱ្យពួកគេដកថយ ប៉ុន្តែពុំមាននរណាម្នាក់រងរបួសទេ។

ភាពវឹកវរនេះបានផ្ទុះឡើង បើទោះជាមានវិធានការរបស់អាជ្ញាធរក្នុងការដាក់គោលដៅបង្ក្រាបបទល្មើសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក៏ដោយ ហើយក៏ស្របពេលនឹងឧប្បត្តិហេតុវឹកវរនៅអាល្លឺម៉ង់ ដែលនាំឱ្យមានអ្នកស្លាប់។ ភាពចលាចលនៅថ្ងៃចូលឆ្នាំសកល គឺជាការកើតឡើងប្រចាំឆ្នាំនៅក្នុងប្រទេសបែលហ្ស៊ិក ដោយមនុស្សជាង ២០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានីក្នុងឆ្នាំ២០២៣ និង ១៦០នាក់នៅឆ្នាំ២០២២៕