ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បាននិយាយកាលពីថ្ងៃពុធ (០២ មករា) ថា អាជ្ញាធរប៉ាឡេស្ទីន បានផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការរបស់ទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា នៅក្នុងទឹកដីប៉ាឡេស្ទីន រួមទាំងការចាក់ផ្សាយរបស់ខ្លួន ដោយលើកឡើងថា Al Jazeera ផ្សព្វផ្សាយ "បែបញុះញង់"។

សារព័ត៌មាន WAFA បាននិយាយថា ប្រមុខអាជ្ញាធរវប្បធម៌ មហាផ្ទៃ និងទំនាក់ទំនង បានធ្វើការសម្រេចចិត្តរួមគ្នា ដោយសារតែការផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍នេះ "មានលក្ខណៈបោកបញ្ឆោត និងបញ្ឆេះជម្លោះ"។ បទបញ្ជាផ្អាកនោះបាននិយាយថា ការសម្រេចនេះជារឿងបណ្ដោះអាសន្ន ប៉ុន្តែក៏មិនបានបញ្ជាក់ពីកាលបរិច្ឆេទបញ្ចប់ដែរ។

អាជ្ញាធរប៉ាឡេស្ទីនបានរិះគន់ Al Jazeera កាលពីសប្តាហ៍មុន ជុំវិញការផ្សាយគ្របដណ្តប់របស់ខ្លួនលើការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនសប្តាហ៍រវាងកងកម្លាំងសន្តិសុខប៉ាឡេស្ទីន និងក្រុមសកម្មប្រយុទ្ធនៅក្នុងជំរំ Jenin ក្នុងទឹកដី West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Al Jazeera បានរិះគន់ការសម្រេចចិត្តកាលពីថ្ងៃពុធនោះថាជា "ការប៉ុនប៉ងដើម្បីបង្អាក់ទីភ្នាក់ងារមិនឱ្យរាយការណ៍ពីព្រឹត្តិការណ៍ដ៏តានតឹងនៅក្នុងទឹកដីកាន់កាប់នោះ"៕