នគរបាលកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០២ មករា) នេះថា ពួកគេបានឆ្មក់ចូលឆែកឆេរក្រុមហ៊ុនអាកាសចរណ៍ Jeju Air និងប្រតិបត្តិករនៃអាកាសយានដ្ឋានអន្តរជាតិ Muan ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេលើការធ្លាក់យន្តហោះកាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្ស ១៧៩នាក់ នៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតនៅលើទឹកដីកូរ៉េខាងត្បូង។

នគរបាលខេត្ត Jeolla បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមស៊ើបអង្កេត កំពុងឆែកឆេរការិយាល័យរបស់ប្រតិបត្តិករព្រលានយន្តហោះ និងអាជ្ញាធរអាកាសចរណ៍នៃក្រសួងដឹកជញ្ជូននៅទីក្រុង Muan ភាគនិរតី រួមទាំងការិយាល័យរបស់ Jeju Air ក្នុងទីក្រុងសេអ៊ូល។

មន្ត្រីម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមស៊ើបអង្កេតគ្រោងនឹងរឹបអូសឯកសារ និងសម្ភារៈដែលទាក់ទងនឹងប្រតិបត្តិការ និងការថែទាំយន្តហោះ ក៏ដូចជាប្រតិបត្តិការអាកាសយានដ្ឋាន។
គេនៅតែមិនទាន់មានចម្លើយទេថា តើហេតុអ្វីបានជាយន្តហោះមិនដាក់ដំណើការឧបករណ៍ចុះចតរបស់ខ្លួន និងអ្វីដែលនាំឱ្យអាកាសយានិកប្រញាប់ប្រញាល់ចុះចតជាលើកទីពីរ បន្ទាប់ពីបានប្រាប់ទីភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសថា យន្តហោះបានបុកជាមួយហ្វូងបក្សី និងប្រកាសអាសន្ន៕