អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០២ មករា) នេះថា យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន បានអនុវត្ត "ការល្បាតប្រយុទ្ធ" ជាលើកដំបូងនៅជុំវិញកោះក្នុងឆ្នាំថ្មីនេះ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានបង្ហាញឆន្ទៈម្តងទៀតក្នុងការពិភាក្សាជាមួយទីក្រុងប៉េកាំង។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន បានបញ្ជូនយោធាទៅកាន់ដែនអាកាស និងដែនទឹកក្បែរកោះនេះស្ទើរតែរាល់ថ្ងៃ ហើយអនុវត្តនូវអ្វីដែលតៃវ៉ាន់ហៅថា "ការល្បាតត្រៀមប្រយុទ្ធរួមគ្នា" ជាច្រើនដងក្នុងមួយខែ។

អាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនប្រទះឃើញយន្តហោះយោធាចិនចំនួន ២២ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 ដែលកំពុងអនុវត្ត "ការល្បាតត្រៀមប្រយុទ្ធរួមគ្នា" ជុំវិញកោះ រួមជាមួយនឹងនាវាចម្បាំងរបស់ចិន ដែលចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍។

មេដឹកនាំកោះ លោក Lai នៅក្នុងសុន្ទរកថាថ្ងៃចូលឆ្នាំថ្មី បានបញ្ជាក់ឡើងវិញពីបំណងប្រាថ្នារបស់ខ្លួនក្នុងការផ្លាស់ប្តូរពិភាក្សាជាមួយប្រទេសចិន។ លោកបានអំពាវនាវម្ដងហើយម្ដងទៀតឱ្យមានការចរចា ប៉ុន្តែត្រូវបដិសេធ ហើយទីក្រុងប៉េកាំង ដែលធ្វើហ្គេមសង្រ្គាមធំៗពីរលើកជុំវិញកោះតៃវ៉ាន់កាលពីឆ្នាំមុន បានហៅលោកថាជា "ជនផ្ដាច់ខ្លួន"៕