មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នា នៅលើស្ពាន Galata នៃទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃចូលឆ្នាំសកល កាលពីថ្ងៃពុធ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។

ក្រុមបាតុករ បានគ្រវីទង់ជាតិទួរគី និងប៉ាឡេស្ទីន ហើយស្រែកថា «ប៉ាឡេស្ទីនសេរី» នៅក្នុងការតវ៉ាដែលរៀបចំដោយវេទិកាឆន្ទៈជាតិ(National Will Platform) ដែលជាក្រុមចម្រុះនៃក្រុមគាំទ្រប៉ាឡេស្ទីន និង ឥស្លាមជាង ៣០០ក្រុម។
លោក Bilal Erdoğan កូនប្រុសរបស់លោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បានថ្លែងទៅកាន់ហ្វូងមនុស្ស ដោយជំរុញឲ្យមានការគាំទ្រសម្រាប់តំបន់ហ្កាហ្សា និងថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែល នៅទីនោះ។
លោកបានសំដៅទៅលើការទម្លាក់ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ ( Bashar al-Assad) នាពេលថ្មីៗនេះ ដោយកងកម្លាំងឧទ្ទាម។

លោកបាននិយាយថា៖«ជនជាតិមូស្លីមនៅប្រទេសស៊ីរី មានការតាំងចិត្ត អត់ធ្មត់ ហើយពួកគេទទួលបានជ័យជម្នះ។ បន្ទាប់ពីប្រទេសស៊ីរី តំបន់ហ្កាហ្សា នឹងទទួលបានជ័យជម្នះពីការឡោមព័ទ្ធនេះ»។
វីដេអូថតដោយយានដ្រូន បានបង្ហាញឲ្យឃើញមនុស្សរាប់ពាន់នាក់ដែលកំពុងប្រមូលផ្តុំគ្នាលើស្ពាននោះ និងសង្កាត់ Eminönü និង Sirkeci ដែលនៅជាប់គ្នា យ៉ាងកកកុញ។
លោកប្រធានាធិបតីទួរគី អឺដូហ្កាន់ បានរិះគន់យ៉ាងដាក់អហង្ការចំពោះការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែល បាននិយាយថា មីស៊ីលចំនួនពីរគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ ក្នុងរយៈពេលនាទីដំបូងនៃឆ្នាំថ្មី ដែលមួយគ្រាប់ត្រូវ បានស្ទាក់ចាប់ ខណៈមួយគ្រាប់ទៀតបានធ្លាក់ទៅក្នុងតំបន់វាលលំហ។