កងកម្លាំងប្រដាប់អាវុធ-អារ៉ាប់-ហ្ស៊កដានី បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងការពារព្រំដែន បានសម្លាប់អ្នករត់ពន្ធជាច្រើននាក់ ខណៈដែលពួកគេព្យាយាមឆ្លងពីប្រទេសស៊ីរី ចូលទៅក្នុងព្រះរាជាណាចក្រនេះ។
ឆ្មាំព្រំដែន ដែលមិនបង្ហាញពីចំនួនពិតប្រាកដនៃអ្នករត់ពន្ធដែលត្រូវបានសម្លាប់នោះ ក៏បានបំផ្លាញរថយន្តជាច្រើនគ្រឿង ដែលអ្នករត់ពន្ធកំពុងប្រើប្រាស់ នៅពេលប៉ុនប៉ងលួចចូលក្នុងទឹកដីហ្ស៊កដានី។
កងកម្លាំងប្រដាប់អាវុធ បានប្តេជ្ញាថា ពួកគេនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះនរណាម្នាក់ ដែលគំរាមកំហែងដល់សន្តិសុខ សុវត្ថិភាព និងធនធានរបស់ប្រទេស។
ប្រទេសហ្ស៊កដានី បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលក្រុមអ្នករត់ពន្ធ បានស្វែងរកកាន់តែខ្លាំងឡើង ដើម្បីនាំយកគ្រឿងញៀន និងអាវុធ ចូលទៅក្នុងព្រះរាជាណាចក្រនេះ។