សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមពីរ ដែលជាប់ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ និងរុស្ស៊ី ដើម្បីកំណត់គោលដៅអ្នកបោះឆ្នោតអាមេរិកជាមួយនឹងព័ត៌មានមិនពិត មុនការបោះឆ្នោតឆ្នាំ ២០២៤។
មន្ត្រីក្រសួងរតនាគារ បានប្រកាសពីការដាក់ទណ្ឌកម្មកាលពីថ្ងៃអង្គារ ដោយចោទប្រកាន់ថា អង្គការទាំងពីរ បានស្វែងរកការធ្វើឲ្យមានការបែកបាក់ ក្នុងចំណោមជនជាតិអាមេរិក នៅមុនការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ ២០២៤។ ចារកម្មរបស់សហរដ្ឋអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលទាំងពីរថា បានផ្សព្វផ្សាយព័ត៌មានមិនពិត រួមទាំងវីដេអូក្លែងក្លាយ អត្ថបទព័ត៌មាន និងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងអ្នកបោះឆ្នោត និងធ្វើឲ្យប៉ះពាល់ទំនុកចិត្ត ក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក។
លោក Bradley T. Smith អនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកភេរវកម្ម និងចារកម្មហិរញ្ញវត្ថុនៃក្រសួងរតនាគារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី បានកំណត់គោលដៅលើដំណើរការបោះឆ្នោត និងស្ថាប័នរបស់យើង ហើយបានស្វែងរកធ្វើឲ្យប្រជាជនអាមេរិកបែកបាក់តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត»។
អាជ្ញាធរបាននិយាយថា ក្រុមរុស្ស៊ី ដែលជាមជ្ឈមណ្ឌលអ្នកជំនាញភូមិសាស្ត្រនយោបាយមានមូលដ្ឋាននៅទីក្រុងមូស្គូ បានត្រួតពិនិត្យលើការបង្កើត ការផ្តល់ហិរញ្ញប្បទាន និងការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីបេក្ខជនអាមេរិក រួមទាំងវីដេអូក្លែងក្លាយ ដែលបង្កើតឡើងដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។