ក្រសួងការបរទេសរបស់ប្រទេសនេះ បានឲ្យដឹងថា អ៊ីរ៉ង់បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំទីក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធ ដើម្បីតវ៉ាប្រឆាំងនឹងការប្រហារជីវិតជនជាតិអ៊ីរ៉ង់ ៦នាក់ ដែលត្រូវបានកាត់ទោសពីបទរត់ពន្ធគ្រឿងញៀន។
លោក Karimi Shashti អគ្គនាយកនៃការិយាល័យកិច្ចការកុងស៊ុលនៅក្រសួងការបរទេស បានជូនដំណឹងទៅលោកឯកអគ្គរដ្ឋទូត Abdullah bin Saud al-Anzi ថា ការប្រហារជីវិតនេះ ផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការផ្នែកតុលាការរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង មួយ។
លោក Shashti បានបញ្ជាក់ថា អ៊ីរ៉ង់បានតវ៉ាជាផ្លូវការចំពោះការប្រហារជីវិត នៅក្នុងកំណត់ទូតមួយ ដោយបានបន្ថែមថា ការអនុវត្តការកាត់ទោសដោយគ្មានការជូនដំណឹងជាមុនដល់ស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងរីយ៉ាដ (Riyadh) បានរំលោភលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងកុងស៊ុលផងដែរ។
លោក Shashti បានអះអាងថា បុគ្គលទាំងនោះ ត្រូវបានកាត់ទោសប្រហារជីវិតជាច្រើនឆ្នាំកន្លងទៅហើយ ដោយបន្ថែមថា ក្រសួងការបរទេស បានស្វែងរកជាប្រចាំ ដើម្បីផ្តល់សេវាកុងស៊ុល និងផ្លាស់ប្តូរការកាត់ទោសរបស់ពួកគេ។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ទាមទារការពន្យល់ពីអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត ហើយថា គណៈប្រតិភូផ្នែកច្បាប់ និងកុងស៊ុល នឹងធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាដ ដើម្បីបន្តរឿងនេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត SPA បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអ៊ូឌីតថា ជនជាតិអ៊ីរ៉ង់ចំនួន ៦នាក់ ដែលត្រូវបានកាត់ទោសពីបទរត់ពន្ធម្សៅកញ្ឆា ត្រូវបានប្រហារជីវិត នៅក្នុងខេត្តភាគខាងកើត។ របាយការណ៍ មិនបានបញ្ជាក់ថាតើការប្រហារជីវិតនេះ បានកើតឡើង នៅពេលណានោះទេ។