អ្នកជំនាញពីរនាក់កាលពីថ្ងៃពុធ បានបង្ហាញពីសុទិដ្ឋិនិយមរបស់ពួកគេដែលថា ប្រទេសចិនអាចសម្រេចបាននូវគោលដៅសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនប្រកបដោយគុណភាពខ្ពស់ និងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់កំណើនពិភពលោក ដោយលើកឡើងពីសុន្ទរកថាឆ្នាំថ្មីរបស់ប្រធានាធិបតីលោក ស៊ី ជីនពីង (Xi Jinping) ដែលគូសបញ្ជាក់ពីទំនុកចិត្ត ការខិតខំប្រឹងប្រែងសម្រាប់សេដ្ឋកិច្ចធំទី២របស់ពិភពលោក ក្នុងការជម្នះបញ្ហាប្រឈមនានា។
សារថ្ងៃចូលឆ្នាំសកលរបស់លោកប្រធានាធិបតី ស៊ី ដែលត្រូវបានចាក់ផ្សាយតាមរយៈក្រុមហ៊ុនហ៊ុន China Media Group និងអ៊ីនធឺណិត នៅថ្ងៃចូលឆ្នាំសកល បានគូសបញ្ជាក់ពីការស្ទុះងើបឡើងវិញនិងកំណើន សេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៤ ជាមួយនឹងផលិតផលក្នុងស្រុកសរុប ដែលបានព្យាករលើសពី ១៣០ សែនកោដិយន់។
លោក ស៊ី បានថ្លែងថា ទិន្នផលគ្រាប់ធញ្ញជាតិរបស់ប្រទេសនេះ បានកើនលើស ៧០០លានតោន ដោយធានាថា៖«ឃ្លាំងស្តុករបស់ចិន ត្រូវបានបំពេញដោយគ្រាប់ធញ្ញជាតិចិនកាន់តែច្រើន» ដោយបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍដែលសម្របសម្រួលនៅទូទាំងតំបន់ ទទួលបានសន្ទុះកាន់តែខ្លាំងឡើង ហើយការពង្រឹងគ្នាទៅវិញទៅមក ត្រូវបានធ្វើឡើង ទាំងនៅក្នុងទីក្រុងថ្មី និងតាមជនបទ។
លោក Liu Baocheng ព្រឹទ្ធបុរសនៃមជ្ឈមណ្ឌលក្រមសីលធម៌ធុរកិច្ចអន្តរជាតិនៃសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ច បាននិយាយថា លទ្ធផលទាំងនេះ បង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន គឺស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចគោលដៅយ៉ាងជាក់លាក់។